ខណៈពេលដែលកម្រិតទឹកនៅក្នុងរូងភ្នំ Tham Luang បានថយចុះ ក្រុមអ្នកសង្គ្រោះមានទំនោរនឹងជម្លៀសក្រុមក្មេងបាល់ទាត់ទាំង ១៣ នាក់ ដែលកំពុងជាប់គាំងក្នុងនោះ មុនពេលភ្លៀងចាប់ផ្តើមធ្លាក់ធ្វើឱ្យទឹកជំនន់កាន់តែធ្ងន់ធ្ងរ ។
ក្រុមសង្គ្រោះមានផែនការប្រថុយនឹងគ្រោះថ្នាក់ ប្រសិនអាចគ្រប់គ្រងបាន ក្នុងការជម្លៀសអ្នកនៅមានជីវិតទាំង១៣នាក់ ចេញពីរូងភ្នំលិចទឹក Tham Luang ខណៈដែលពួកគេជឿថា ការស្នាក់នៅក្នុងរយៈពេលយូរជាងនេះ អាចនឹងមានគ្រោះថ្នាក់ជាងនេះ នៅក្នុងរដូវវស្សាពោរពេញដោយភ្លៀងធ្លាក់ ។
ទោះបីជាជម្រើសនៃការជួយសង្គ្រោះ ៤ ត្រូវបានលើកយកមកពិភាក្សា តែឥឡូវនេះវាច្បាស់ណាស់ថា អ្នកធ្វើសេចក្តីសម្រេចចិត្ត នឹងធ្វើតាមជម្រើសនៃការជម្លៀសក្មេងប្រុស១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ តាមរយៈចម្ងាយផ្លូវ ៥ គីឡូម៉ែត្រ ដែលនឹងតម្រូវឲ្យមានទាំងការមុជទឹក និងការដើរ ។ ចំពោះពួកគេម្នាក់ៗ នោះការធ្វើដំណើរនេះ អាចចំណាយពេលច្រើនម៉ោង ។ សូម្បីតែជាមួយនឹងការហ្វឹកហាត់របស់ពួកគេទាំងអស់ នោះវាត្រូវការក្រុមមុជទឹក Royal Thai Navy SEALs ចំណាយពេលប្រហែល ៥ ម៉ោង ដើម្បីផ្លាស់ទីពី Noen Nom Sao ទៅកាន់បន្ទប់ទី៣នៃរូងភ្នំនេះ ។
Noen Nom Sao គឺជាកន្លែងដែលសមាជិកក្រុមបាល់ទាត់រងគ្រោះទាំង ១៣ នាក់ កំពុងត្រូវបានជាប់គាំង ចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា ។ បន្ទប់ទី៣ដែលឥឡូវនេះ បម្រើឲ្យបញ្ជាការនាំមុខសម្រាប់ប្រតិបត្តិការសង្គ្រោះ គឺមានចម្ងាយប្រហែលពីរបីគីឡូម៉ែត្រពីមាត់រូងភ្នំ ។
ការជម្លៀសទាំងមុជទឹក និងដើរ ត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ ដោយហេតុថា ជនរងគ្រោះជនរងគ្រោះវ័យៗក្មេងទាំង១៣នាក់ មានបទពិសោធន៍ហែលទឹក ឬ មុជទឹកនោះទេ ប៉ុន្តែ វិធីសាស្ត្រនេះ ត្រូវបានពិចារណាថាលឿនបំផុត ដើម្បីជម្លៀសពួកគេ ។
លោក Narongsak Osotanakorn បានថ្លែងកាលពីម្សិលមិញថា៖ «ការព្រួយបារម្ភចម្បងរបស់យើង គឺអាកាសធាតុ ទោះបីជាកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់យើង ដើម្បីបង្ហូរទឹកចេញក៏ដោយ ក៏យើងមិនអាចឈ្នះកម្រិតកើនឡើងនៃទឹកជំនន់បានដែរ» ។
គួររម្លឹកថា ទឹកជំនន់ដ៏គំហក់ភ្លាមៗ បានវាយប្រហាររូងភ្នំ Tham Luang នៅក្នុងខេត្ត ឈៀងរ៉ៃ កាលពីថ្ងៃទី២៣ មិថុនា ដែលបណ្តាលឲ្យក្រុមក្មេងបាល់ទាត់១២នាក់ ដែលមានអាយុចន្លោះពី ១១ ទៅ ១៦ ឆ្នាំ និងគ្រូបង្វឹករបស់ពួកគេ ត្រូវជាប់គាំងនៅខាងក្នុង ។ ចាប់តាំងពីពេលនោះមក លោក Narongsak បានដឹកនាំប្រតិបត្តិការសង្គ្រោះ ដែលមានមន្ត្រី និងអ្នកស្ម័គ្រចិត្តជាង ១ ពាន់នាក់ ៕ ឧត្តម (ប្រភព៖ TheNation)