យោងតាមគេហទំព័រចិន 168.com បានបង្ហាញរឿងរ៉ាវដ៏មិននឹកស្មានដល់មួយ គ្រាដែលបុរសម្នាក់ ខណៈកំពុងដើរតាមផ្លូវ គាត់ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់យ៉ាងឡូយ (គឺអាចនិយាយថាសុទ្ធតែយីហោម៉ាកល្បី) បែរជាមកលុតជង្គង់សុំទានអ្នកថ្មើរជើង ដែលឃើញហើយ ធ្វើឲ្យគាត់កើតក្តីអាណិតជាខ្លាំង ដោយមិនដឹងថា នាងមានកំពុងមានបញ្ហាអ្វីនោះទេ។
បុរសនោះបាននិយាយថា ពេលចូលទៅជិត គាត់បានរកឃើញថា នារីវ័យក្មេងនោះ មានកន្សែងដៃក្រាលទ្រាប់ជង្គង់ ខណៈដៃស្តាំកាន់កាបូបស្ពាយស្មា និងនៅផ្នែកខាងឆ្វេងមាន QR កូដ សម្រាប់ស្កេនបង់ប្រាក់។ រីឯនៅពីមុខនាង មានក្រដាសមួយសរសេរជាអក្សរធំៗបញ្ជាក់ថា៖ «ខ្ញុំមកពីទីក្រុង Dazhou ខេត្ត Sichuan។ ខ្ញុំមានបញ្ហាមួយរយៈហើយ សូមមេត្តាជួយផ្តល់អាហារ និងថ្លៃឈ្នួលឡាន ដល់ខ្ញុំផង!»។
ទោះយ៉ាងណាក៏ដោយ បុរសមានទឹកចិត្តដ៏ល្អនោះ បន្ទាប់ពីបានឃើញនាងមានបញ្ហាបែបនេះ គាត់ក៏បានទៅទិញអាហារសម្រន់ឲ្យនាង និងប្រាប់នាងដោយចិត្តសប្បុរសថា “អូនឯងញ៉ាំសិនទៅ ហើយបន្ទាប់ពីញ៉ាំរួច ខ្ញុំនឹងនាំត្រឡប់ទៅ DaZhou វិញ មិនឆ្ងាយទេ»។
ពិតណាស់ ជាធម្មតាពេលអ្នកដែលមានបញ្ហា បាមជួបអ្នកដែលមានចិត្តចង់ជួយ ប្រាកដណាស់នឹងអរសប្បាយ និងដឹងគុណរកអ្វីមកប្រៀបពុំបាននោះទេ។ ប៉ុន្តែ សម្រាប់នារីវ័យក្មេងម្នាក់នេះ នៅពេលបានឮបុរសចិត្តល្អនោះនិយាយថា គាត់នឹងជូននាងទៅផ្ទះវិញ ស្រាប់តែនាងបង្ហាញការភ្ញាក់ផ្អើល ហើយប្រាប់គាត់ដ៏ហួសចិត្តថា «ខ្ញុំមិនចង់ឱ្យអ្នកជូនខ្ញុំទៅផ្ទះទេ។ ខ្ញុំអាចទៅផ្ទះដោយខ្លួនឯងបាន»។
នៅពេល នារីរូបនេះ បានឆ្លើយតបបែបនេះ គាត់ក៏ចាប់ផ្តើមមានអារម្មណ៍ថា គាត់ត្រូវបានគេបោក។ ដូច្នេះហើយ គាត់ក៏សម្រេចចិត្តដើរចេញទៅ ប៉ុន្តែនារីក្មេងរូបនេះនៅតែនិយាយថា «បើអ្នកចង់ជួយខ្ញុំ អាចឲ្យលុយបាន ឬបើអត់មានលុយជាប់ខ្លួន អាចស្កេនក៏បានដែរ»។
ទោះជាយ៉ាងណា នៅពេលឃើញនារីនេះមានលុយច្រើនក្នុងដៃរួចទៅហើយៗ ថែមទាំងនិយាយយ៉ាងឡូយបែបនេះ គាត់ក៏បានដើរចាកចេញទាំងកំហឹង ខណៈនារីរូបនេះបន្តលុតជង្គង់ រង់ចាំទទួលសេចក្ដីសប្បុរសពីអ្នកមានក្តីអាណិតផ្សេងទៀត។
ក្រោយពីបានឃើញអ្នកសុំទានអីក៏កាលីបយ៉ាងនេះ អ្នកនិយមលេងអ៊ីនធើរណែត បានសម្តែងការហួសចិត្តថា៖ «នារីវ័យក្មេងនេះមាន QR កូដ ដែលមានន័យថានាងត្រូវតែមានទូរសព្ទដៃ។ ហើយប្រសិនបើនាងមានបញ្ហា ហេតុអ្វីមិនទូរស័ព្ទសាច់ញាតិដើម្បីសុំលុយ ជំនួសឲ្យការសុំទានគេបែបនេះ!?»។ រីឯអ្នកខ្លះទៀត នៅពេលដែលបានឃើញការស្លៀកពាក់របស់នារីនេះ ក៏បាននិយាយថា «ខ្ញុំមានអារម្មណ៍ថា នាងគឺជាអ្នកមានជាងខ្ញុំ»។
អ្នកលេងអ៊ីនធឺណិតម្នាក់ទៀត ក៏បានចោទឡើងថា៖ «អាកប្បកិរិយារបស់ក្មេងស្រីនេះ ច្បាស់ជាតម្រូវឱ្យធ្វើការជាក្រុម។ ប្រាកដណាស់មិនមែនតែម្នាក់ទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង