ជឿថាប្រិយមិត្តជាច្រើន ជាអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាធ្លាប់បានឃើញរួចហើយ ទាក់ទងករណីដ៏ហួសចិត្ត ដោយមានស្រ្តីជាពុទ្ធបរិស័ទម្នាក់ បានយកស្រាបៀរ១កំប៉ុង រួមជាមួយទឹកសុទ្ធ១ដប ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់ប្តីដែលបានស្លាប់ ព្រោះគិតថា មានតែធ្វើបុណ្យជាមួយព្រះសង្ឃទេ ទើបស្រាបៀរនេះបានទៅដល់ប្តីរបស់គាត់។
តែដោយឡែក វីដេអូមួយថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីបានឃើញព្រះសង្ឃមួយអង្គ លើកបង្ហាញស្រាបៀរគ្រុឌចំនួនមួយកេះ បន្ទាប់ពីស្រ្តីចំណាស់ជាពុទ្ធបរិស័ទម្នាក់ បានប្រគេនច្រឡំ ខណៈយកមកបាំងថ្កូលឆេងម៉េងនៅវត្ត។
តាមរយៈវីដេអូ ព្រះសង្ឃអង្គនោះ បាននិយាយលេងសើចបែបកំប្លែងថា «ធ្លាប់តែឮគេថា ញាតិញោមច្រឡំប្រគេនលោកស្រាបៀរ១កំប៉ុង ២កំប៉ុង តែពេលអាត្មាលេង១កេះតែម្តង… ញោមគាត់ក៏មិនសូវស្គាល់ច្បាស់ អាត្មាក៏មិនសូវស្គាល់ច្បាស់ អើកូនទិញមកហើយ យកមកបាំងថ្កូលឆេងម៉េង មកដល់វត្ត កូនសិស្សថា លោកគ្រូ អាហ្នឹងមិនមែនភេសជ្ជៈទេ គឺស្រាទេ»។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានលេងសើចថា៖ «គាត់ប្រគេនដើម្បីឧទ្ទិសកុសលដល់កុងម៉ាគាត់ ពេលតេជគុណឆាន់ទៅបានដល់ហើយ, ដាក់ទៅលោកបង តែប្រយ័ត្នសឹងជ្រុលភ្លេចម៉ោងទេសទាន!,…»។ រីឯអ្នកខ្លះទៀត ក៏លេងដែរថា «បើតេជគុណអត់ត្រូវ វេរមកឱ្យខ្ញុំករុណាក៏បានដែរ តេជគុណ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង