ការហោះហើរឯកជនមួយ បានប្រែក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេច ខណៈដែលអ្នកបើកបរយន្តហោះ បានប្រទះឃើញ «ភ្ញៀវ» ដែលមិនបានបញ្ជើញ នៅក្នុងកាប៊ីនយន្តហោះ ដែលជាពស់វែកមានពិស។
អ្នកបើកបរយន្តហោះ លោក Erasmus អាយុ ៥៨ ឆ្នាំ បាននិយាយថា គាត់កំពុងហោះហើរពី Bloemfontein ទៅកាន់ទីក្រុង Pretoria (អាហ្វ្រិកខាងត្បូង) ជាមួយនឹងអ្នកដំណើរ ៤ នាក់ នៅលើយន្តហោះឯកជន Beechcraft Baron 58 នៅរយៈកម្ពស់ ៣,៣០០ ម៉ែត្រ នៅពេលនោះ គាត់ស្រាប់តែមានអារម្មណ៍ថា “ត្រជាក់” នៅក្នុងត្រគាករបស់គាត់។
លោក Erasmus បន្តថា ដំបូងឡើយ គាត់បានគិតថា ដបទឹករបស់គាត់ប្រហែលជាលេចធ្លាយ។ ប៉ុន្តែពេលគាត់មើលចុះ គាត់ស្រឡាំងកាំងតែម្តង ខណៈពេលឃើញពស់វែក Cape ប្រវែង ១,៥ ម៉ែត្រ រុំជុំវិញកៅអី។
ពស់វែក Cape គឺជាពស់ដែលមានពិសខ្លាំង ដែលអាចត្រូវបានរកឃើញនៅទូទាំងអាហ្វ្រិកខាងត្បូង។ ការខាំរបស់ពស់វែក Cape អាចសម្លាប់មនុស្សម្នាក់ក្នុងរយៈពេល ៣០ នាទី នេះបើយោងតាមវិទ្យាស្ថានពស់ខាំអាហ្រ្វិក។
ដោយបារម្ភថា ពស់អាចបង្កការភ័យស្លន់ស្លោ ប្រសិនបើវាលូនទៅដល់កៅអីខាងក្រោយ លោក Erasmus ក៏បានផ្តួចផ្តើមគំនិតដើម្បីធ្វើអោយអ្នកដំណើរស្ងប់ មុនពេលប្រកាសវត្តមានរបស់ «ភ្ញៀវ» ដែលមិនបានអញ្ជើញ កំពុងនៅលើយន្តហោះ។
លោក Erasmus បាននិយាយថា «ខ្ញុំបានប្រាប់ពួកគេថា: ស្តាប់, មានពស់នៅក្រោមកៅអីរបស់ខ្ញុំ។ វានៅខាងក្នុងកាប៊ីនយន្ដហោះ ដូច្នេះយើងនឹងត្រូវចុះចតឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ហើយជាសំណាងល្អ ដែលមនុស្សគ្រប់គ្នាស្ងប់ស្ងាត់»។
បន្ទាប់មក លោក Erasmus បានជូនដំណឹងដល់អាជ្ញាធរអំពីស្ថានភាពនេះ ហើយត្រូវបានអនុញ្ញាតឱ្យចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានក្នុងទីក្រុង Welkom ចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Bloemfontein ។
ទោះជាយ៉ាងណា បន្ទាប់ពីអ្នកដំណើរចុះ លោក Erasmus បានព្យាយាមស្វែងរកពស់នោះ ប៉ុន្តែរកមិនឃើញទេ ហើយភ្លាមៗនោះ ក្រុមអ្នកជួយសង្គ្រោះក៏បានចូលទៅស្វែងរកពស់ ហើយទីបំផុត ពួកគេក៏បានរកឃើញ និងបណ្តេញវាចេញពីលើយន្តផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង