ស្ថានីយ ABC News របស់អូស្ដ្រាលីនៅថ្ងៃទី៥ ខែកក្កដា ឱ្យដឹងថា មានមនុស្សប្រមាណ៥០នាក់នឹងត្រូវបានសងជំងឺចិត្ដ ពេលដែលផ្លូវកៅស៊ូថ្មីមួយទើបធ្វើរួចនៅប៉ែកខាងជើងរដ្ឋQueensland ត្រូវក្ដៅរលាយដូចជាល្បាប់ បណ្ដាលឱ្យកង់យានយន្ដទាំងឡាយត្រូវគាំងខូច ហើយចរាចរណ៍ក៏កកស្ទះ។
អភិបាលតំបន់ Tablelands Joe Paronella បានថ្លែងយ៉ាងភ្ញាក់ផ្អើលថាៈ ខ្ញុំពុំដែលឃើញហេតុការណ៍អ្វីបែបនេះទេ ពេលទទួលរបាយករណ៍ ខ្ញុំស្ទើរពុំជឿ។
កៅស៊ូថ្នល់រុំកង់ឡានឡើងជិត
ម្ចាស់រថយន្ដបង្ខំចិត្តចតចោលរថយន្ដនៅកណ្ដាលផ្លូវ
ភ្លាមៗនោះក្រសួងគមនាគមន៍និងផ្លូវគោកអូស្ដ្រាលី ត្រូវបង្ខំចិត្តបិទផ្លូវខាងលើដើម្បីធ្វើការជួសជុលជាបន្ទាន់ ក្រោយពេលទទួលបានការតវ៉ាទាមទារសងការខូចខាតពីសំណាក់ម្ចាស់យានយន្ដទាំងឡាយ។
ម្ចាស់រថយន្ដម្នាក់ឈ្មោះ Bridget Daley ឱ្យដឹងថា ខ្ញុំពិតជាភ័យស្លន់ស្លោពេលដែលឃើញកង់ឡានខ្ញុំត្រូវស្រោបដោយកៅស៊ូថ្នល់។
យានយន្ដដែលរងការខូចខាតនឹងទទួលបានសំណង
ក្នុងបរិបទមួយទៀតទាក់ទិនដល់ការឡើងកម្ដៅធ្ងន់ធ្ងរបែបនេះ ក្រោយការតវ៉ាអស់ពេលជាងមួយឆ្នាំកន្លងមកនេះ ឥឡូវអ្នកបើកបរឡានក្រុងនៅបារាំងត្រូវបានអនុញ្ញាតឱ្យស្លៀកខោខ្លី ហើយអ្នកបើកបរស្រី្ដអាចស្លៀករ៉ូបខ្លី ចាប់ពីខែមិថុនាដល់ខែកញ្ញា ហើយនិងនៅពេលដែលសីតុណ្ហភាពលលើសពី២៨ដឺគ្រេ៕