Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ

ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ មានកូនខ្មែរជាច្រើន បានដាក់ទុនជាច្រើនពាន់ដុល្លារ ដើម្បីកែច្នៃកសិកផលរបស់ប្រជាកសិករទៅជាផលិតផលមួយផ្សេងទៀត ដើម្បីដាក់លក់នៅលើទីផ្សារ។ ដូចនេះ សូម​កុំភ្លេចជួយគាំទ្រផលិតផលក្នុងស្រុក រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ ធ្វើឲ្យសេដ្ឋកិច្ចរីកចំរើន។

តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ» បានឲ្យដឹងថា រាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ដ្រគន្លឹះៗជាច្រើន សំដៅលើកកម្ពស់ សុខុមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសតាមមូលដ្ឋាន មានការកែច្នៃផលិតផលនានា ដើម្បីលើកកម្ពស់ជីវភាពប្រជាជន កាន់តែល្អប្រសើរ។

សម្ដេចតេជោ បានបញ្ជាក់ថា «ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសតាមមូលដ្ឋានឲ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈសមស្របតាមភូមិឋាន ជាពិសេសស្រូបយកនូវផលិតផលកសិកម្មកែច្នៃជាចំណីអាហារ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព ប្រជាជនឲ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ»។

សម្ដេចតេជោ បានបន្ដថា គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រង បណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយឲ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំ ឲ្យមានព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស៕

សម្តេចតេជោ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំ ប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនប្រជាផលិតកររបស់កម្ពុជា។

គួរបញ្ជាក់ថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរគឺមានសារៈសំខាន់ និងបានដើរតួនាទីជួយដល់ផលិតករក្នុងស្រុក ឱ្យគិតគូរកែច្នៃផលិតផលរបស់ខ្លួន ក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃសមរម្យ ដើម្បីចូលរួមក្រកួតប្រជែងទីផ្សារទាំងក្នុង​ និងក្រៅប្រទេស៕

×