Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នំបញ្ចុកសៀមរាប ត្រៀមចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៅលើទីផ្សារ

ភ្នំពេញ៖ នំបញ្ចុកសៀមរាប ផលិតឡើងតាមរូបមន្តពីបុរាណរបស់អ្នកឃុំព្រះដាក់ ត្រូវបានក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញា ចងក្រងរូបមន្ត និងរៀបចំចុះបញ្ជីម៉ាកសមូហភាពនៃកម្មសិទ្ធិបញ្ញា ស្របពេលដែលកម្ពុជា កំពុងតែជំរុញឱ្យមានការវិចខ្ចប់នំបញ្ចុកក្រៀមសម្រាប់ការនាំចេញក្រៅស្រុក។

ក្រសួងពាណិជ្ជកម្ម ត្រៀមចុះបញ្ជីម៉ាកសមូហភាព និងចងក្រងរូបមន្តនំបញ្ចុកសៀមរាប ដែលរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរមកទទួលទានកាន់តែច្រើន និងលើកកម្ពស់ភាពប្រកួតប្រជែងនំបញ្ចុករបស់ខ្មែរ នៅលើទីផ្សារជាតិនិងអន្តរជាតិ។​

ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការចុះបញ្ជីម៉ាកសមូហភាពនំបញ្ចុកសៀមរាបនេះ គឺដើម្បីចងក្រង សៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិត ព្រោះកន្លងមកពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី តែងផលិតនំបញ្ចុកតាមទម្លាប់ពីបុរាណ ដោយពុំមានការចងក្រងរូបមន្តទុកឡើយ ជាពិសេស អ្នកផលិត និងក្រុមអាជីវករ និងអាជ្ញាធរមូលដ្ឋាន សហការគ្នាដើម្បីចងក្រងរូបមន្តទុក និងព្រមទាំងទុកសម្រាប់ការប្រើប្រាស់តទៅជំនាន់ក្រោយទៀត។

កម្ពុជាជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ហើយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាថ្ងៃប្រារព្វពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ក្រសួងពាណិជ្ជកម្មគ្រោងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមួយចំនួន រួមមាន អំបិលកំពតកែប, បង្កងតាកែវ និងទឹកត្រីកំពតនិងកែប។ ក្រៅពីនេះ ក៏មានការចុះម៉ាកសមូហភាពអំបុកកំពង់ធំ, នំបញ្ចុកសៀមរាប, ក្រូចថ្លុងកោះពីរ និងដូងខ្ទះបាត់ដំបង។

គួរបញ្ជាក់ថា កន្លងមក ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលមានសក្តានុពលចំនួន ៤ រួមមាន ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ, ក្រូចថ្លុងកោះទ្រង់, ទឹកឃ្មុំព្រៃមណ្ឌលគិរី និងបានចុះបញ្ជីម៉ាកសមូហភាពចំនួន៣ រួមមាន គុយទាវភ្នំពេញ, អំបុកកំពង់ធំ និងអង្ករព្រះវិហារ៕

×