Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុម ច្បាប់ថ្មី មាត្រាប៉ុន្មាន!? ចុះទៅ​ហាមឃាត់ ពលរដ្ឋ​គ្រួសារ​មួ​យ មិន​ឲ្យ​ដាំដំឡូង​លើ​ដី​ខ្លួនឯង​ជាង១០-២០ ឆ្នាំ បើ​ចង់​ធ្វើ​ត្រូវ​សុំច្បាប់

ពិតជារឿងដ៏ភ្ញាក់ផ្អើល និងសឹងតែរកថ្លែងពុំចេញ នៅពេលដែលបានឃើញប្រជាការពារភូមិមួយក្រុម (មានទាំងចាស់ទាំងក្មេង) សុខៗ ស្រាប់តែនាំគ្នាចុះទៅហាមឃាត់ប្រជាពលរដ្ឋគ្រួសារមួយ មិនឲ្យបន្តភ្ជួររាស់ធ្វើចម្ការលើដីខ្លួនឯងរយៈពេល ១០-២០ឆ្នាំ មកហើយ ដោយបានប្រាប់ថា បើចង់ធ្វើទាល់តែសុំច្បាប់អនុញ្ញាតសិន។

ហេតុការណ៍នេះបានកើតឡើងនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ តែទន្ទឹមនឹងរឿងដ៏ហួសចិត្តនេះ គ្រួសារប្រជាពលរដ្ឋនោះ ក៏បានថតវីដេអូបង្ហាញមុខប្រជាការពារភូមិទាំងនោះ និងសរសេររៀបរាប់នៅក្នុងក្រដាសសៀវភៅមួយសន្លឹក ចែករំលែកឲ្យបងប្អូននៅក្នុងបណ្តាញសង្គម ជួយមើលតើពួកគេមកធ្វើបែបនេះ សមដែរឬទេ។

ពួកគាត់បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៧ និង ១១ នាទី មានពួកប្រជាការពារភូមិមួយក្រុម ដែលមានឈ្មោះ (១- ខ្វាន់ យ៉ាង, ២-ឈ្មោះ ញ៉ែម សុខនៅ, ៣-ឈ្មោះ ចាន់ ម៉ោ និង៤-ឈ្មោះ កូន តាសុខនៅ) បានមកហាមឃាត់ពួកគាត់ មិនឲ្យដាំដំឡូងមី ឬ បង្កបង្កើនផលទេ។

ជាក់ស្តែង នៅក្នុងវីដេអូ គេក៏បានឮប្រជាការពារភូមិវ័យចំណាស់ជាងគេ ក្នុងចំណោមនោះ ដែលអះអាងថាទទួលបានការបង្គាប់បញ្ជាពីមេភូមិ និងអនុភូមិ ឲ្យមកហាមឃាត់ បានប្រាប់ទៅគ្រួសារដែលកំពុងភ្ជួររាស់ដីដាំដំឡូង ដ៏ហួសចិត្តថា «និយាយឲ្យស្រួលស្តាប់គ្នា បើចង់ដាំ ទៅសុំច្បាប់គេដាំទៅ»។ ត្រង់ចំណុចនេះ ពួកគាត់ក៏បានសួរទៅវិញថា ធ្វើអាស្រ័យផលលើដីខ្លួនឯង ហេតុអ្វីបានជាត្រូវទៅសុំច្បាប់!? ខណៈមហាជនក៏បានសួរទៅកាន់មេភូមិអនុភូមិ ដែលបានអនុវត្តច្បាប់ថ្មីដ៏ចម្លែកនេះថា តើច្បាប់រដ្ឋធម្មនុញ្ញណា មាត្រាទីប៉ុន្មាន ជំពូកទីប៉ុន្មាន បង្កបង្កើនផលលើដីកម្មសិទ្ធិខ្លួនឯង ក៏សុំច្បាប់ដែរ!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×