យោងតាមសារព័ត៌មានថៃ បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន បុរសម្នាក់មានសំណាងបានឈ្នះឆ្នោតយ៉ាងសប្បាយរីករាយ និងបានផឹកស៊ី ច្រៀងខារ៉ាអូខេពេញមួយយប់ជាមួយមិត្តភក្តិ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺដោយសារតែស្រវឹងខ្លាំងពេក បុរសនោះស្រាប់តែបានឡើងលើបង្គោលភ្លើងនៅលើផ្លូវ Rama 4 ក្នុងទីក្រុងបាងកក ហើយបានដេកលក់យ៉ាងស្កប់ស្កល់។
លុះព្រឹកឡើង ប្រជាពលរដ្ឋភ្ញាក់ពីព្រលឹម ឃើញបុរសម្នាក់ កំពុងដេកមិនលក់នៅលើខ្សែភ្លើង ស្មានថាស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច។
បន្ទាប់ពីទទួលបានការជូនដំណឹងពីប្រជាពលរដ្ឋ មន្ត្រីនគរបាល Thonglor, នាយកដ្ឋានអគ្គិសនី និងក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ បានចុះដល់កន្លែងកើតហេតុភ្លាមៗ និងបានប្រើប្រាស់ឡានស្ទួច ដើម្បីឡើងទៅពិនិត្យមើលស្ថានភាពជាក់ស្តែង ថាតើបុរសនោះនៅមានជីវិត ឬអត់។
ទោះជាយ៉ាងណា ក្រោយពីពិនិត្យឃើញថា បុរសនោះនៅមានជីវិត គេក៏បានដាស់គាត់ឱ្យងើងឡើងចុះមកដីវិញ។ លុះសួរនាំមួយសន្ទុះ ទើបដឹងថា បុរសនេះទើបឈ្នះឆ្នោតបាន៣សន្លឹក។ ក្រោយពីបានដូររង្វាន់ជាប្រាក់ហើយ គាត់បានទិញស្រាដើម្បីអបអរជាមួយមិត្តភ័ក្ដិរបស់គាត់ ដោយនាំគ្នាផឹកឡើងស្រវឹងរៀងៗខ្លួន ប៉ុន្តែ គាត់មិនបានដឹងថាឡើងទៅដេកលើបង្គោលខ្សែភ្លើងដោយរបៀបណានោះទេ។
តាមរយៈនេះ សមត្ថកិច្ចក៏បានក្រើនរំឭកថា សប្បាយចិត្តពេលឈ្នះឆ្នោត គួរផឹកល្មមៗអាចគ្រប់គ្រងខ្លួនឯងបាន បើមិនដូច្នេះទេ នឹងងាយជួបគ្រោះថ្នាក់ណាស់ ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបាន។ តែសម្រាប់បុរសនេះ ពិតជាសំណាងហើយ ដែលមិនត្រូវបានខ្សែភ្លើងឆក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង