កូនប្រុសស្រី២នាក់ នៅក្នុងប្រទេសចិន ត្រូវបានសហគមន៍អនឡាញ រិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់ពួកគេ ដែលបានបង្ខំម្តាយមានជំងឺវង្វេង ឱ្យសាក់លេខទូរស័ព្ទនៅលើដៃរបស់គាត់។
ស្ត្រីអាយុ ៨០ ឆ្នាំម្នាក់ មកពី Zhejiang ប្រទេសចិន មានជំងឺវង្វេង ហើយបច្ចុប្បន្ន កំពុងត្រូវបានមើលថែដោយកូនប្រុសស្រីរបស់គាត់។ មុននោះ គាត់បានបាត់ខ្លួន ពេលចេញទៅក្រៅតែម្នាក់ឯង ហើយកូនៗរបស់គាត់ ត្រូវដើរស្វែងរកយ៉ាងយូរទើបរកឃើញ។
ទោះជាយ៉ាងណា ដើម្បីកុំឱ្យខាតពេលយូរ ក្នុងការស្វែងរក កូនទាំងពីរនាក់បាននាំម្តាយទៅកន្លែងសាក់ ហើយបានសាក់លេខទូរស័ព្ទនៅលើដៃស្តាំរបស់គាត់។ នៅលើខ្នងដៃស្តាំរបស់ស្ត្រីចំណាស់នោះ មានសាក់ជាភាសាចិនដែលបកប្រែថា «សូមមេត្តាទាក់ទងប្រសិន បើគាត់កំពុងវង្វេង» និងរួមជាមួយលេខទូរស័ព្ទរបស់កូនស្រី កូនប្រុស និងចៅប្រុសរបស់គាត់។
អ្នកសាក់រូបបាននិយាយថា ស្ត្រីចំណាស់ម្នាក់នោះ គាត់ពិតជាមានការភ័យខ្លាចការឈឺចាប់យ៉ាងខ្លាំង ហើយថែមទាំងបង្ហាញភាពមិនស្រួល ក្នុងអំឡុងពេលដំណើរការសាក់ទៀតផង។ ទោះជាយ៉ាងណា គាត់ត្រូវស៊ូទ្រាំការឈឺចាប់យ៉ាងស្ទាក់ស្ទើរ ព្រោះតែដើម្បីធ្វើតាមការចង់បានរបស់កូនៗទាំងពីរ។
វីដេអូស្ត្រីចំណាស់នោះ ដែលកំពុងសាក់លើដៃរបស់គាត់ បានល្បីយ៉ាងខ្លាំង។ តែអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានបង្ហាញការខឹងសម្បារ ដោយក្នុងនោះ អ្នកខ្លះបានលើកឡើងថា មិនគួរណាយកគាត់ទៅសាក់បែបនេះសោះឡើយ។ រីឯអ្នកខ្លះទៀតថា កូនទាំងពីរអាចសាក់ស្អិតបាន ដើម្បីកុំឱ្យម្តាយឈឺចាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង