យោងតាម CNN បានចុះផ្សាយនៅថ្ងៃទី៦ កក្កដា នេះឲ្យដឹងថា អតីតអ្នកមុជទឹករបស់កងទ័ពជើងទឹកថៃ ដែលបានស្ម័គ្រចិត្តជួយសង្គ្រោះក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹករបស់ពួកគេ ពីរូងភ្នំលិចទឹក Tham Luang នៅខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានស្លាប់ ។ នេះយោងតាមមន្ត្រីរដ្ឋាភិបាលឲ្យដឹង ។
បុរសរងគ្រោះនេះមានឈ្មោះ Samarn Kunan បានស្លាប់នៅវេលាម៉ោង ២ និង០០ នាទី ព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) ដោយសារខ្វះខ្យល់អុកស៊ីហ្សែន ខណៈគាត់ព្យាយាមវិលត្រឡប់ទៅកាន់មណ្ឌលបញ្ជាក្រោមដីវិញ ។ នេះបើតាមអភិបាលរងលោក Passakorn Boonyalak ។
មណ្ឌលបញ្ជារនេះ ស្ថិតនៅចម្ងាយ ២ គីឡូម៉ែត្រ នៅក្នុងរូងភ្នំ ទីកន្លែងដែលក្រុមក្មេងបាល់១២នាក់ និងគ្រូបង្វឹករបស់ពួកគេ កំពុងជាប់គាំងនៅក្នុងនោះ អស់រយៈពេលជិត២សប្តាហ៍ហើយ ។
លោក Kunan ដែលមានវ័យ ៣៨ ឆ្នាំ បានកំពុងវិលត្រឡប់ពីបញ្ជូនធុងអុកស៊ីហ្សែន ទៅកាន់ទីកន្លែងដែលក្មេងៗរងគ្រោះទាំងនោះ ប៉ុន្តែ ជាអកុសល ខណៈពេលកំពុងមុជទឹកតាមផ្លូវ ស្រាប់ធុងអុកស៊ីហ្សែនរបស់គាត់អស់ខ្យល់ ដែលបានបណ្តាលឲ្យគាត់ត្រូវថប់ដង្ហើមស្លាប់គួរឲ្យអាសូរបំផុត ។
លោក Aphakorn Yookongkaew នាយឧត្ដមសេនីយ៍កងទ័ពជើងទឹកបានថ្លែងថា៖ «ការមុជទឹកតែងតែប្រឈមនឹងហានិភ័យ»។ លោកបានបន្ថែមថា «គាត់ប្រហែលបាត់បង់ស្មារតី ដែលធ្វើឲ្យលង់ទឹកតែម្តង ខណៈពេលវិលត្រឡប់ទៅយកធុងអុកស៊ីហ្សែន នៅមណ្ឌលបញ្ជា នាវេលាម៉ោង១ ។ ប៉ុន្តែ យើងត្រូវរង់ចាំការធ្វើកោសល្យវិច័យសិន» ។
យន្តហោះយោធា១គ្រឿង នឹងដឹកយកសាកសពរបស់គាត់ពី ឈៀងរ៉ៃ ទៅមូលដ្ឋានទ័ពជើងទឹក Satthahip នៅល្ងាចសុក្រ ហើយៗ ពិធីបុណ្យសពរបស់គាត់ ក៏នឹងត្រូវធ្វើឡើងនៅទីនោះផងដែរ ៕ ឧត្តម