វីដេអូមួយនៅលើ Douyin បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើរណែត ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញឃ្មុំមួយសំបុកធំ នៅក្នុងរថយន្តតាក់ស៊ី១គ្រឿង ខណៈអ្នកបើកបរហាក់មិនមានការភ័យខ្លាចអ្វីសោះឡើយ។
វីដេអូនេះត្រូវបានថតដោយស្រ្តីអ្នកដំណើរម្នាក់ កាលពីថ្ងៃទី១ ខែមេសា ខណៈពេលនាងកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះ បន្ទាប់ពីទៅសម្អាតទីបញ្ចុះសពដូនតាក្នុងទីក្រុង Qingming ប៉ុន្តែពេលចូលអង្គុយនៅកៅអីខាងក្រោយនៃតាក់ស៊ីនេះ ក៏ឃើញឃ្មុំមួយហ្វូងធំហើរពីលើក្បាលអ្នកបើក ហើយគាត់ក៏បន្តបើកបរដូចធម្មតា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកបើកតាក់ស៊ីនោះដែលមានឈ្មោះ Yao រស់នៅក្នុងខេត្ត Anhui ភាគខាងកើតនៃប្រទេសចិន បានប្រាប់ឲ្យដឹងថា ផ្នែកនៃសំបុកឃ្មុំនេះ មិនមែនជាឃ្មុំដែលគាត់បានចិញ្ចឹមទេ ប៉ុន្តែវាបានមកបង្កើតសំបុកដោយខ្លួនឯង នៅក្នុងឡានរបស់គាត់ប្រហែលពីរបីថ្ងៃមុន។ លោក Yao ក៏បាននិយាយថា គាត់មិនខ្លាច និងបង្កការរំខានដល់ពួកវាទេ ព្រោះគាត់មានជំនឿថា «នឹងក្លាយជាអ្នកមាន» ដែលតាមជំនឿរបស់ជនជាតិចិនមួយចំនួនបាននិយាយថា បើឃ្មុំមកធ្វើសំបុកនៅផ្ទះ នោះចាត់ទុកថាជាលាភសំណាង។
ចំណែស្រ្តីអ្នកដំណើរ ដែលបានថតឃ្លីបនោះ បាននិយាយថា នាងក៏មិនខ្លាចដែរ ព្រោះដោយសារតែនាងធំដឹងក្តីឡើងនៅក្នុងស្រុកនេះ ដែលគេជឿថា ពួកវានឹងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពនៃឡានតាក់ស៊ីដ៏រីករាយ ជាមួយនឹងសំបុកឃ្មុំដ៏ធំនេះ ធ្វើឱ្យមនុស្សម្នាតាមអ៊ីនធឺណិតមានការភ្ញាក់ផ្អើល នាំគ្នាចូលទៅនិយាយថា “ខ្ញុំមិនជឿថា គាត់ចំណាយពេលពេញមួយថ្ងៃដោយសុខសាន្តជាមួយឃ្មុំទេ, ខ្ញុំមិនហ៊ានចំណាយពេលមួយនាទីជាមួយពួកវាទេ”។ តែក្នុងនោះ ក៏មានអ្នកដែលស្គាល់អាកប្បកិរិយារបស់សត្វឃ្មុំ បានបង្ហាញថា «វាជារឿងធម្មតាទេដែលឃ្មុំខ្លះបោះបង់ចោលសំបុកដើមរបស់វា ហើយបង្កើតក្រុមមួយដើម្បីការពារខ្លួន មុននឹងទៅធ្វើសំបុកថ្មីនៅរដូវផ្ការីក ប៉ុន្តែអ្វីដែលចម្លែកនោះ គឺពួកវាភាគច្រើននឹងប្រមូលគ្នាធ្វើសំបុកនៅដើមឈើ ឬផ្ទះ ដែលអាចមើលឃើញ ប៉ុន្តែ សម្រាប់ករណីនៅក្នុងឡានបែបនេះ ចាត់ទុកថាជារឿងដ៏ចម្លែកណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង