ជឿថាប្រិយមិត្តជាច្រើន ជាពិសេសអ្នកតាមដានវិស័យកីឡាប្រដាល់ ប្រាកដណាស់បានដឹងមកហើយថា កាលពីប៉ុន្មានថ្ងៃមុន មានរឿងដ៏ភ្ញាក់ផ្អើលមួយនៅលើសង្វៀនថោន គឺបន្ទាប់ពីកីឡាករកម្ពុជាយើង សូដា សូសែន បានផ្តួលកីឡករថៃឲ្យសន្លប់ ស្រាប់តែខាងភាគីថៃ បង្ហាញការមិនអស់ចិត្ត ក៏សុំឆែកមើលក្នុងបង់រុំដៃថា តើអាចមានលាក់របស់អ្វី? បានជាធ្ងន់យ៉ាងនេះ។
ទោះជាយ៉ាងណា តាមរយៈលទ្ធផលឆែក ភាគីថៃពុំបានរកឃើញមានរបស់អ្វីបង្កប់នៅក្នុងបង់រុំដៃឡើយ។ ប៉ុន្តែ បន្ទាប់រកមិនឃើញមានអ្វីនោះ បែរជាភាគីថៃបញ្ជាក់ដ៏គួរឲ្យហួសចិត្តថា ការរុំបង់ដៃមិនស្មើភាពគ្នាទេ ដោយថា ខាងកីឡាករកម្ពុជាធ្វើការរុំបង់ដៃ ក្រាស និងខ្ពស់ពេក ដែលជាហេតុធ្វើឲ្យកីឡាកររបស់ខ្លួនចេញបែបនេះ។
តែអ្វីដែលមិននឹកស្មានដល់ និងហួសចិត្តខ្លាំងបំផុតនោះ គឺករណីភាគីថៃ ដែលសង្ស័យថា កីឡាករកម្ពុជា មានបង្កប់របស់អ្វីនៅក្នុងបង់រុំដៃ ហើយរកមិនឃើញ មិនទាន់កន្លងផុតបានប៉ុន្មានផង ស្រាប់តែពេលនេះ ភាគីថៃបានធ្វើរឿងខ្លួនឯងដ៏អាម៉ាស គឺការប្រកួតថ្មីៗនេះនៅសង្វៀនថោនដដែល អាជ្ញាកណ្តាលបានធ្វើការចាប់នូវភាពមិនប្រក្រតីទៅលើកីឡាករថៃ ហើយក៏បានរកឃើញលួចបង្កប់របស់រឹងម្យ៉ាង នៅក្នុងបង់រុំដៃ ដែលអាចបង្កគ្រោះថ្នាក់នៅក្នុងកំឡុងពេលប្រកួត។
ក្រោយរកឃើញភាគីថៃ លេងខូចលួចបង្កប់បែបនេះ មហាជនស្នើឲ្យមុនការប្រកួត គឺត្រូវត្រួតពិនិត្យគ្រប់កីឡាករទាំងអស់ ឬគួរតែមានក្រុមមន្ត្រីទៅឆែកដល់បន្ទប់បច្ចេកទេសតែម្តង ព្រោះថាការប្រកួតសព្វថ្ងៃនេះគ្មានពិនិត្យសោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





