កិច្ចប្រជុំរដ្ឋមន្ត្រី AEM និង RCEP ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានរួមគ្នាជាឯកច្ឆន្ទសេចក្តីប្រកាសព័ត៌មានរួមមួយ។១. កិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (Prep-AEM) និងកិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្ត្រីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (Prep-RCEP MM)
ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ៖ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រតិភូកម្ពុជាដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំត្រៀមថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (Prep-AEM) ក្រោមអធិបតីភាព លោក Ramon Lopez អគ្គលេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋហ្វីលីពីន។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើការបញ្ចប់ពិធីសារ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន (AJCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)។ ទាក់ទងពិធីសារ នៅទីបំផុតកិច្ចប្រជុំបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការដោះស្រាយវិវាទរវាងអ្នកវិនិយោគ និងរដ្ឋ (ISDS) នៅក្នុងជំពូកវិនិយោគ ដែលត្រូវបានស្នើឡើងដោយបណ្តារដ្ឋជាសមាជិកអាស៊ាន ខណៈពេលដែលកិច្ចប្រជុំ RCEP ត្រូវបាន លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីដទៃទៀត សម្តែងនូវការគាំទ្រ និងការយល់ព្រម ចំពោះឯកសារទាំងពីរគឺ៖ របាយការណ៍វាយតម្លៃរួមរបស់រដ្ឋមន្ត្រីជូនថ្នាក់ដឹកនាំស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) និងសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលជាវិថីឆ្ពោះទៅមុខ ដើម្បីបញ្ចប់ការចរចា RCEP។
ជាចុងក្រោយ លោក រដ្ឋមន្ត្រី ក៏បានទទូចដល់គណៈកម្មាធិការចរចាផ្នែកពាណិជ្ជកម្ម ធ្វើការពន្លឿនដំណើរការរបស់ខ្លួន សម្រាប់ភាពរីកចម្រើន និងអត្ថប្រយោជន៍ទៅវិញទៅមក នៃបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP ចំនួន ១៦ ដោយសារតែប្រទេសទាំង១៦នេះ មានសក្តានុពលក្នុងការបង្កើតការងារ, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, ជំរុញការអភិវឌ្ឍរួមគ្នា និងលើកកម្ពស់ការច្នៃប្រឌិត ដែលចុងក្រោយនឹងធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនយើង។
តាងនាមឱ្យប្រទេសកម្ពុជា លោក ប៉ាន សូរស័ក្តិ បានអបអរសាទរ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ចំពោះការរៀបចំដ៏ល្អឥតខ្ចោះ ជាមួយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ គឺមិនត្រឹមតែសម្រាប់កិច្ចប្រជុំនេះប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កិច្ចប្រជុំសំខាន់ៗទាំងអស់ ដែលបានធ្វើឡើងនៅទីនេះ ក្នុងអំឡុងពេលដែលហ្វីលីពីន ធ្វើជាប្រធានអាស៊ាន។
២. កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC Board) លើកទី ១៥
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំ Prep-AEM និងបានពិភាក្សាជាចម្បងលើអាទិភាពសេដ្ឋកិច្ច សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ហ្វីលីពីន ដូចជា៖ ការបង្កើនពាណិជ្ជកម្ម និងការវិនិយោគ ការធ្វើសមាហរណកម្ម MSME ទៅក្នុងខ្សែសង្វាក់តម្លៃជាសកល និងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានការច្នៃប្រឌិត ក៏ដូចជាសមិទ្ធផលនានា ព្រមទាំងដំណើរការអនុវត្តន៍ផែនការមេ ASEAN ឆ្នាំ២០២៥។
កិច្ចប្រជុំ ក៏បានអនុម័តលើសេចក្តីព្រាងរបាយការណ៍របស់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដល់ថ្នាក់ដឹកនាំ និងសមាសភាគសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) នៃសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា៕ ដោយ៖បញ្ញាស័ក្តិ