សព្វថ្ងៃនេះ ការបញ្ជាទិញតាមអ៊ីនធឺណិត កំពុងរីកចម្រើន។ ជាក់ស្តែង ផ្ទះខ្លះអាចនិយាយបានថា តែងតែមានបុគ្គលិកដឹកជញ្ជូនទំនិញ។ ប៉ុន្តែ ប្រសិនបើម្ចាស់ផ្ទះមិននៅផ្ទះ នោះបុគ្គលិកប្រហែលជាមិនវិលទៅវិញឡានទទេ ឬត្រូវយករបស់ដាក់ចូលក្នុងរបង ហើយនៅពេលម្ចាស់ត្រឡប់មកមើលវិញ ទើបអាចប្រើបាន។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៣ គណនី TikTok មួយ បានបង្ហោះវីដេអូឃ្លីបដែលមានអ្នកមើល ៧០០,០០០ ដង ដោយកាមេរ៉ាសុវត្ថិភាពម្ចាស់ផ្ទះ បានបង្ហាញរថយន្តដឹកជញ្ជូន១គ្រឿង បានមកចតនៅមុខទ្វាររបង ហើយបុគ្គលិកក៏លើកអីវ៉ា់ចុះ។
ប៉ុន្តែ ប្រហែលនៅពេលនោះ ម្ចាស់ផ្ទះមិនផ្ទះ ដូច្នេះបុគ្គលិកដឹកជញ្ជូន បានគិតឃើញនូវវិធីដ៏ភ្ញាក់ផ្អើល ដោយដាក់បង្វិចអីវ៉ាន់គងលើរបង រួចលើកគ្រវែងបញ្ចេញអស់ពីកំលាំង ហោះចូលក្នុងផ្ទះយ៉ាងជ្រៅតែម្តង។
តែយ៉ាងណាមិញ នៅពេលមានការរិះគន់ថា មិនគួរណាទ្រគោះបោះបោកអីវ៉ាន់របស់គេបែបនេះ មិនទុកនៅក្នុងរបង ទីបំផុត ក៏ត្រូវបានដឹងការពិតថា អ្នកដឹកជញ្ជូនរូបនោះ បានធ្វើសញ្ញាចង្អុលដៃទៅលើមេឃ ដែលមានន័យថា គាត់ខ្លាចមេឃភ្លៀង នាំឲ្យខូចខាតអីវ៉ាន់ ហេតុនេះ ក៏បោះចូលទៅក្នុងជ្រៅតែម្តងទៅ ដើម្បីការពារភ្លៀង។
ដោយឡែក ខណៈមានការព្រួយបារម្ភថា ទង្វើនៃការគប់បែបនេះ នឹងធ្វើឲ្យអីវ៉ាន់បែកបាក់ ខូចខាតជាក់ជាពុំខាន ក៏មានអ្នកប្រាប់ថា មិនបែកធ្លាយទេ ព្រោះវាគ្រាន់ជារបស់ទន់… ក្នើយឱបប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង