ភ្នំពេញ ៖ នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តន៍ប្រកបដោយជោគជ័យ នូវក្របខ័ណ្ឌគោលនយោបាយគាំពារសង្គម និងការរៀបចំឲ្យមានវិសោធនកម្ម ច្បាប់ស្តីពីការងារ ដើម្បីកែសម្រួលបញ្ញតិ្តមាត្រា៨៩ ស្តីពីការទូទាត់ប្រាក់បំណាច់បណ្តេញចេញ និងមាត្រាពាក់ព័ន្ធនៃច្បាប់ស្តីពីការងារ ក្នុងគោលបំណងរក្សាផលប្រយោជន៍ជូនកម្មករនិយោជិត និងនិយោជក។
នេះយោងបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីជំនួបពិភាក្សាការងារ រវាងលោក Graeme Buckley នាយកការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ ។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយអង្គការ ILO ដែលរហូតមកទល់ពេលនេះ កម្ពុជាទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើនដូចជា ការធានាបាននូវលក្ខខណ្ឌការងារល្អ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា ការរៀបចំនូវបទដ្ឋាននានាបន្ថែមទៀត ដើម្បីធានាដល់ការអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាព នូវច្បាប់ស្តីពីសហជីព និងការត្រៀមរៀបចំបន្តកម្មវិធីការងារសមរម្យ សម្រាប់ប្រទេសកម្ពុជា ពីឆ្នាំ២០១៩-២០២៣។
នាឱកាសនោះដែរ លោក Graeme Buckley ក៏បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះវឌ្ឍនភាពទាំងអស់នេះ ដែលកម្ពុជាខិតខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយឆន្ទៈមុះមុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រេចបានជោគជ័យ។
អង្គការ ILO នឹងបន្តជួយដល់សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម ហើយលោកក៏រីករាយបន្ត រួមសហការជាមួយនឹងក្រសួងការងារ ដើម្បីធ្វើឲ្យសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជា កាន់តែមានភាពល្អប្រសើរថែមទៀត។
នៅឆ្នាំ២០១៩ ខាងមុខនេះ ភាគីទាំងពីរបានឯកភាពគ្នាត្រៀមរៀបចំឲ្យមានជាព្រឹត្តិការណ៍ដ៏ធំមួយនៅកម្ពុជា សម្រាប់អបអរសាទរពិធីប្រារព្ធខួបអនុស្សាវរីយ៍ ១០០ឆ្នាំ នៃការបង្កើតអង្គការ ILO (១៩១៩-២០១៩) និងខួប៥០ឆ្នាំ (១៩៦៩-២០១៩) នៃការចូលជាសមាជិកអង្គការ ILO របស់កម្ពុជា ដើម្បីបង្ហាញឲ្យឃើញពីសមិទ្ធផលនានា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការប្រកបដោយភាពជាដៃគូនេះ ក៏ដូចជាការវិវត្តរីកចម្រើននៃសិទ្ធិការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ព្រមទាំងបង្ហាញឲ្យឃើញផងដែរ នូវផលលាភដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិរបស់កម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ