ប្រធានក្រុមនៃនាវាកំសាន្ត Phoenix បានអះអាងថា រលកកម្ពស់រហូតដល់ ៤ ទៅ ៥ ម៉ែត្រ បានវាយប្រហារទូក ហើយបណ្តាលឱ្យវាលិចតែម្តង ។ លោក Somjing Boontham បាននិយាយថា នាវា Phoenix បានកំពុងដឹកអ្នកដំណើរ ១០៥ នាក់ ដែលក្នុងនោះភ្ញៀវទេសចរ ៩៣ នាក់, សមាជិកនាវិក ១២ នាក់ និងមគ្គុទេសក៍ទេសចរណ៍ចំនួន ៤ នាក់ ។
«កាលពីថ្ងៃទី៥ កក្កដា យើងចាកចេញពីកំពង់ផែ Chalong Pier នៅវេលាម៉ោង ៩ ព្រឹក ឆ្ពោះទៅកាន់កោះ Racha ។ បន្ទាប់នោះ យើងកំពុងធ្វើដំណើរវិលត្រឡប់មកកំពង់ផែ Chalong វិញ នៅវេលាម៉ោង ៤ និង ៣០ នាទី ល្ងាច ។ នៅពេលយើងបានមកជិត Mong Cape ចម្ងាយប្រហែល ២ ម៉ៃល៍ ពីកោះ Hei ស្រាប់តែរលកធំៗកម្ពស់ ៤ ទៅ ៥ ម៉ែត្រ បានវាយប្រហារផ្អែកខាងមុខទូករបស់យើងតែម្តង ។ ទឹកសមុទ្របានជន់លិចខាងក្នុងនាវា ហើយការបូមទឹកចេញពីក្នុងទូកពុំបានលឿនទាន់ពេលវេលា ដែលជាហេតុធ្វើឲ្យទូកចាប់ផ្តើមលិចសន្សឹមៗតែម្តង» ។
«ខ្ញុំបានស្នើដល់អ្នកដំណើរទាំងអស់ ឲ្យគ្រប់គ្រងអាវពោងសង្គ្រោះជីវិតរបស់គ្នា ដើម្បីធានាសុវត្ថិភាពបណ្តោះអាសន្ន ។ ទូក liferaft ២គ្រឿង ត្រូវបានដាក់ពង្រាយ ខណៈទូកនាសាទនៅក្បែរនោះជាច្រើនគ្រឿង ត្រូវបានទាក់ទងឲ្យជួយសង្គ្រោះ បន្ទាប់ពីទូករបស់យើងបានលិចចូលសមុទ្រយ៉ាងលឿន ។ យើងបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យអ្នកដំណើរស្ងប់ស្ងាត់ និងរក្សាពួកគេឲ្យមានសុវត្ថិភាព ក្នុងអំឡុងពេលកំពុងមានភាពវឹកវរ» ។
«៥១ នាក់ ក្នុងចំណោមអ្នកដំណើរទាំងអស់ ត្រូវបានសង្គ្រោះដោយទូក Pattana 11 និងទូកនេសាទ ១២ គ្រឿង ។ ចំណែកអ្នកដំណើរដទៃទៀត ខ្ញុំមិនប្រាកដថាតើពួកគេត្រូវបានជួយសង្រោះដោយទូកដទៃទៀត ព្រោះវាងងឹតខ្លាំងពេក ហើយស្ថានភាពអាកាសធាតុក៏អាក្រក់ខ្លាំងបំផុតផងដែរ ខណៈពេលនោះ» ៕ ឧត្តម