ភ្នំពេញ៖កម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួនលោក អ៊ួន ឈិន ជាបុគ្គលិកវិទ្យុអាស៊ីសេរី និងជាអ្នកយកព័ត៌មានកាលពីម៉ោងជិត៧យប់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ខណៈកំពុងលួចដំឡើងប្រព័ន្ធផ្សព្វផ្សាយវិទ្យុអាស៊ីសេរីនៅសណ្ឋាគារម៉ារ៉ាឌីដោយខុសច្បាប់ហើយបញ្ជូនភ្លាមៗទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។
សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់ឈ្មោះ លោក អ៊ួន ឈិន នៅចំណុចបន្ទប់E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់។ ការឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី រូបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុំ សុភ័ក្រ និងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យនិងលោក ឌី រ័ត្នខេមរុណ អភិបាលរងណ្ឌ ។
លោកអធិការប៉ូលិសខណ្ឌមានជ័យបានបញ្ជាក់ឲ្យដឹងថា លោក អ៊ួន ឈិន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមៗផងដែរ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុផ្សេងៗ ក្រោយរកឃើញថា អ៊ួន ឈិន បានរៀបចំដំឡើងបន្ទប់ផ្សាយចេញពីទីតាំងសណ្ឋាគារម៉ារឌី ដោយខុសច្បាប់ ប៉ុន្តែមិនទាន់ដំណើរការ។ លោកអធិការបញ្ជាក់បន្ថែមថា៖ នៅ ថ្ងៃទី១៥ ខែវិច្ឆិកា សមត្ថកិច្ចនឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីធ្វើការស៊ើបអង្កេត និងកោសល្យវិច័យលើភស្តុតាង ដែលបានរកឃើញនៅល្ងាចថ្ងៃទី១៤វិច្ឆិកានេះ។
គួរបញ្ជាក់ដែរថា៖កន្លងមកវិទ្យុអាស៊ីសេរី បានសម្រេចចិត្តផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅរាជធានីភ្នំពេញ៕ ដោយ៖បញ្ញាស័ក្តិ