កែប ៖ បន្ទាប់ពីផ្ទុះរឿងក្ដៅដ៏អាក្រក់មួយរបស់អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ រឿងបើកឱ្យមានភាស៊ីយកលុយប្រជាពលរដ្ឋដែលឆ្លងកាត់ខេត្តកែប ឬចូលទៅកម្សាន្តខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ២០២៣នេះ ហើយត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ដីបន្ទោសត្រង់ៗ ខ្លាំងៗ ថា នេះជាអំពើឆោតល្ងង់របស់អភិបាលខេត្តកែប, មិននឹកស្មានថាអភិបាលខេត្តកែបល្ងង់ដល់ថ្នាក់ហ្នឹង រឿងយកលុយប្រជាពលរដ្ឋនោះ, មានអី ស្រាប់តែពេលនេះបែកធ្លាយរឿងអាស្រូវជាច្រើនទៀត ដូចជារឿងគាបសង្កត់អាជីវករ-ពាណិជ្ជករ-វិនិយោគិន គឺមុននឹងស៊ីញ៉េចេញអាជ្ញាប័ណ្ណនីមួយៗត្រូវតែធ្លាក់លុយជាមុនសិន។

មុនចូលដល់រឿងអាស្រូវដែលគេទើបតែទម្លាយមកនេះ, CEN សូមរំលឹករឿងថ្មីៗបន្តិចសិន គឺក្នុងសារសំឡេងប្រៀបដូចជាបន្ទាន់មួយរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលមានរយៈពេល ១:៤៤នាទី ទាក់ទងនឹងករណីអាជ្ញាធរខេត្តកែប យកលុយភាស៊ីផ្សេងៗពីប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តកែបលោក សោម ពិសិដ្ឋ ខ្លួនឯង ឱ្យបិទជាបន្ទាន់នូវកិច្ចសន្យាណាក៏ដោយ ដែលពាក់ព័ន្ធនឹងការយកលុយពីប្រជាពលរដ្ឋ, សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ក្នុងឆានែលតេឡេក្រាមរបស់សម្ដេចមានមនុស្សជាង ៦៩ម៉ឺននាក់, រឿងអំពើឆោតល្ងង់របស់អភិបាលខេត្តកែប មួយនេះ អ្នកណាចង់យកទៅផ្សាយអីផ្សាយទៅ… ដូច្នេះហើយក៏មានអាជីវករ-ពាណិជ្ជករ-វិនិយោគិន និងធុរកិច្ចជនជាច្រើន ដែលរងនូវការគាបសង្កត់ពី លោក សោម ពិសិដ្ឋអភិបាលខេត្តកែប មួយនេះ យូរមកហើយនោះ ក៏ហ៊ានទម្លាយរឿងអាស្រូវផ្សេងៗជាបន្តទៀតតែម្ដងទៅ។
ក្រុមអាជីវករ-ពាណិជ្ជករ-វិនិយោគិន និងធុរកិច្ចជន ព្រមទាំងក្រុមមន្ត្រីស្មោះត្រង់មួយចំនួន បានគាំទ្រពេញទំហឹងចំពោះប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ដោយពួកគេនិយាយបន្ទោរថា ពិតជាឆោតល្ងង់ណាស់ លុយប្រជាពលរដ្ឋនាំយកទៅឱ្យដល់ខេត្តមិនព្រមចាំយកទេ បែរជាមកស្ទាក់យកលុយគេតាមផ្លូវទៅវិញ។ បានជាគេនិយាយដូច្នេះ ព្រោះថា ខេត្តកែប គឺជាខេត្តដែលមានសក្ដានុពលលើវិស័យទេសចរណ៍, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ចរាចរណ៍ទំនិញតាមផ្លូវសមុទ្រ និងការអភិវឌ្ឍន៍អចលនទ្រព្យ ។ល។ , រៀបចំគោលការណ៍ឱ្យតែល្អ កុំគាបសង្កត់យកលុយប្រជាពលរដ្ឋទៅ គឺល្អទៅហើយ ពេលនោះហើយ គឺប្រជាពលរដ្ឋយកលុយទៅឱ្យដល់ខេត្ត។

ក្រុមអាជីវករ-ពាណិជ្ជករ-វិនិយោគិន និងធុរកិច្ចជន ព្រមទាំងក្រុមមន្ត្រីស្មោះត្រង់ជាច្រើននាក់ បានទូរស័ព្ទមកផ្ទួនៗគ្នាផ្ដល់ព័ត៌មានឱ្យមជ្ឈមណ្ឌលព័ត៌មាន CEN និងមានផ្ដល់ឯកសារមួយចំនួនផងនោះ បានទម្លាយរឿងអាស្រូវកន្លងមកថា ករណីអាជ្ញាធរខេត្តកែបយកលុយភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅឆ្នេរកែបនេះ គឺមានតាំងពីយូរណាស់មកហើយ ប៉ុន្តែមិនមានថ្នាក់លើណាចេញមុខលុបបំបាត់ ដូចជាកន្លែងខ្លះលុយថ្លៃក្យូសផ្សេង លុយថ្លៃម្ហូបអាហារផ្សេង, កន្លែងខ្លះគ្រាន់តែប្រជាពលរដ្ឋចាប់ផ្ដើមក្រាលកន្ទេល ក៏មានអ្នកម៉ៅដាច់ដើរមកហាមឃាត់ថា កន្លែងនេះមិនអាចក្រាលកន្ទេលខ្លួនឯងអង្គុយបានទេ គឺទាល់តែជួលពីខ្ញុំ ព្រោះខ្ញុំទិញកន្លែងនេះពីអាជ្ញាធររួចហើយ។
នៅមានរឿងទារភាស៊ីថ្លៃសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យផ្សេងៗជាច្រើនទៀត ដែលជាលេសគាបសង្កត់យកលុយប្រជាពលរដ្ឋ, សំណាងហើយដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹងរឿងនេះទាន់ពេលវេលា ក៏បញ្ជាឱ្យលុបរាល់ការយកលុយពីប្រជាពលរដ្ឋទាំងអស់, ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋបានសំណូមពរទៅ សម្ដេចតេជោ ថា រឿងទារលុយទារភាស៊ីនេះ សូមសម្ដេចកុំលុបត្រឹមម៉ាចូលឆ្នាំអី ថ្ងៃដែលមិនចូលឆ្នាំក៏លុបចេញឱ្យអស់ផងទៅ ទើបប្រជាពលរដ្ឋមានភាពសប្បាយរីករាយពេលទៅកម្សាន្តនៅក្នុងខេត្តកែប។
បើនិយាយពីការទម្លាយរឿងអាស្រូវរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបនេះវិញ, បើប្រើពាក្យអាក្រក់ស្ដាប់ គឺថា គេ ” ស្អប់លោកតែម្ដង ” ។ បើនិយាយពាក្យរាងស្រាលបន្តិច គឺថា គេ ” មិនចូលចិត្ត ” ។ ការដែលគេស្អប់ និងមិនចូលចិត្តនោះ គឺមកពីលោអភិបាលពូកែគាបសង្កត់ ដាក់សម្ពាធយកលុយក្នុងគម្រោងស្នើសុំអាជ្ញាប័ណ្ណផ្សេងៗ និងគម្រោងវិនិយោគផ្សេងៗខ្លាំងពេក។
ក្រុមអាជីវករ-ពាណិជ្ជករ-វិនិយោគិន និងធុរកិច្ចជន ព្រមទាំងក្រុមមន្ត្រីស្មោះត្រង់ បាននិយាយរំលឹកពីរឿងបញ្ហាស្រីៗបន្តិចទាក់ទងទៅនឹង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នេះថា កាលពីអំឡុងឆ្នាំ២០២០ មានសិស្សសាលាស្រីម្នាក់ បានសរសេរស្តាតថឹស ក៏ដូចជាឆាតទៅជេរបញ្ចោរលោក និងបង្ហោះជាធារណៈនោះ គឺជារឿងពិតមែនហើយ មិនមែននាងចង់បង្អាប់បង្អោនកិត្តិយសនោះទេ គឺមកពី លោក សោម ពិសិដ្ឋ ឆាតទៅញ៉ែនាង, នាងសិស្សសាលានោះពុំដឹងថា លោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែបនោះទេ ហើយនាងក៏បានឆែកក្នុង facebook ឃើញថា លោកមានប្រពន្ធ-កូនរួចទៅហើយនោះ នៅមកញ៉ែនាងផ្ដេសផ្ដាសទៀត អត់ទ្រាំពុំបាន នាងក៏ជេរបញ្ចោរតែម្ដងទៅ។ រឿងនោះកើតឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០, ចំណែកអាខោន facebook របស់នាងសិស្សសាលានោះ ដាក់ឈ្មោះថា Jëë Mēy ។ កាលនោះ ពិតជាផ្ទុះផ្អើលមិនត្រឹមខេត្តកែបប៉ុណ្ណោះទេ សូម្បីតែភ្នំពេញ និងបណ្ដាខេត្តផ្សេងៗទៀត ក៏ភ្ញាក់ផ្អើលផងដែរ… រឿងនេះបងប្អូនប្រជាពលរដ្ឋជឿថា ជារឿងពិតឬមិនពិត អាស្រ័យទៅលើការពិចារណារៀងៗខ្លួនតែប៉ុណ្ណោះ ព្រោះនេះ គឺជាការលើកឡើងរបស់អ្នកខេត្តកែប, ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក លោក សោម ពិសិដ្ឋ បានប្រកាសជាសាធារណៈវិញថា ជារឿងមិនពិត។
ថ្មីៗនេះ ក្រុមអាជីវករ-ពាណិជ្ជករ-វិនិយោគិន និងធុរកិច្ចជន បានទម្លាយបន្ថែមទៀតថា អ្វីដែលពួកគេស្អប់ លោក សោម ពិសិដ្ឋ ឬថា មិនចូលចិត្តនោះ គឺរឿង លោក សោម ពិសិដ្ឋ ពូកែខាងគាបសង្កត់ទាមទារនេះនោះច្រើនពេក (លុយ) ពីក្រុមអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដូច្នេះហើយ ពួកគេសំណូមពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយមើលករណីនេះផង ព្រះកន្លងមក ក្រុមអាជីវករ-ពាណិជ្ជករ-វិនិយោគិន និងធុរកិច្ចជន ពិបាកធ្វើការ និងពិបាកបើកមុខរបររកស៊ីជាមួយអាជ្ញាធរខេត្តកែប ក្រោមការដឹកនាំរបស់ លោក សោម ពិសិដ្ឋ ពេកណាស់, គឺពេលសុំស៊ីញ៉េអាជ្ញាប័ណ្ណបើកមុខរបររកស៊ីអ្វីមួយ ក៏ដូចជាស្នើសុំគម្រោងវិនិយោគផ្សេងៗ ពិបាកជាងទៅសុំភ្លើងយក្សទៅទៀត។
ទាក់ទងនឹងការទម្លាយរឿងអាស្រូវប៉ុន្មានករណីបន្ថែមខាងលើនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប, CEN ទាក់ទងសុំការបំភ្លឺមិនទាន់បាននៅឡើយទេ៕ រក្សាសិទ្ធដោយ ៖ CEN





























