ស្ត្រីម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា បានទទួលការសរសើរទូទាំងប្រទេស ដោយសារតែទង្វើដ៏ក្លាហានរបស់គាត់ ដោយគាត់បានយកខ្លួនទៅពាំងការពារកូនប្រុសអាយុ ២ឆ្នាំរបស់ខ្លួន ខណៈពេលដែលឆ្កែ ២ក្បាល ព្យាយាមវាយប្រហារលើកូនរបស់គាត់ នៅនឹងមុខផ្ទះពួកគេតែម្តង។
បើតាមវីដេអូដែលចាប់ដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ស្ត្រីជាម្តាយបានព្យាយាមការពារជីវិតកូនពីការខាំញាំញីរបស់ឆ្កែកាយសាហាវ ២ក្បាល នៅខាងក្រៅរបងផ្ទះពួកគេ។
នៅពេលដែលឆ្កែព្យាយាមវាយប្រហារលើកុមារតូចនោះ ស្ត្រីជាម្តាយបានចាប់កូនគាត់ និងអោបក្មេងយ៉ាងជាប់ រួចរត់ទៅមុខខ្លោងទ្វារផ្ទះ ប៉ុន្តែនៅពេលទៅដល់មុខក្លោងទ្វារ ស្ត្រីនោះទំនងជាពិបាកយកសោរទៅចាក់ ព្រោះអាល័យតែការពារកូនប្រុសរបស់ខ្លួន។
ជាសំណាងល្អដែរ មានអ្នកជិតខាង ២នាក់បានលឺសំរែកស្រែកយំរបស់គាត់ ហើយមានស្ត្រីម្នាក់បានមក ដោយមានកាន់តំបងផងដែរ និងព្យាយាមវាយឆ្កែឲ្យរត់ចេញឆ្ងាយ។ ស្ត្រីនោះ និងកូនរបស់គាត់ក៏អាចចូលក្នុងផ្ទះបាន។
ក្មេងប្រុសនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាប់ បន្ទាប់ពីម្តាយវាបានហៅទូរស័ព្ទទៅកាន់លេខសង្គ្រោះបន្ទាន់។ ក្មេងប្រុសនោះ រងរបួសនៅលើថ្ពាល់ខាងស្តាំ និងមានស្នាមខាំនៅលើជើងផងដែរ៕ សុភ័ក្ត្រ
ប្រភព៖ Feedytv