ភ្នំពេញ ៖ មហាជនបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីតារាចម្រៀងនាង តន់ ចាន់សីម៉ា បានទម្លាយរឿងធ្វើប៉ងឡើងច្រៀងនៅលើឆាកតន្ត្រីអង្គរសង្ក្រាន្តកាលពីជិត១០ឆ្នាំមុនពោលកាលពីឆ្នាំ២០១៥ បន្ទាប់ពីនាងធ្លាប់ចូលរួមត្រឹមជាយុវជនស្ម័គ្រចិត្តមួយរូប។

យ៉ាងណានៅក្នុងឆ្នាំ២០២៣នេះតារាចម្រៀងនាង តន់ ចាន់ សីម៉ា បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង បន្ទាប់ពីនាងបានសម្រេចក្តីបំណងមួយនេះនៅក្នុងការក្តាប់ឱកាសច្រៀងនៅលើឆាកដ៏ធំនៃកម្មវិធីអង្គរសង្ក្រាន្ត។
ពីយុវជនស័គ្រចិត្តរបស់ សសយក ខេត្តតាកែវមួយរូបដែលធ្លាប់ចូលរួមក្នុងកម្មវិធីអង្គរសង្រ្កាន្តកាលពីឆ្នាំឆ្នាំ២០១៥ តន់ ចាន់សីម៉ា ត្រឹមតែបានច្រៀងជាក្រុមនូវបទនគរាជ និងបទពង្សាវតាខ្មែរប៉ុណ្ណោះ ខណះពេលនោះនាងមិនទាន់ក្លាយជាតារាចម្រៀងដែលមានកេរ្តិ៍ដូចពេលនេះឡើយ។

យ៉ាងណាដោយសារមហិច្ជតាចង់ក្លាយជាតារាចម្រៀងអាជីព និងមានឱកាសបានឡើងច្រៀងនៅលើឆាកតន្ត្រីដ៏ធំនៃកម្មវិធីអង្គរសង្ក្រាន្ត នៅក្នុងឆ្នាំណាមួយនោះ តារាចម្រៀងរូបភាពបានខិតខំព្យាយាមតស៊ូ ហើយនៅទីបំផុតនាងក៏បានសម្តេចបំណងនៅក្នុងឡើងច្រៀងនៅលើឆាកនៃកម្មវិធីដ៏ធំខាងលើនាឆ្នាំ២០២៣នេះ។
តារាចម្រៀង តន់ ចាន់ សីម៉ា បានលើកឡើងតាមរយះសំណេរបង្ហោះតាមហ្វេសប៊ុកថា 2015&2023 ពីយុវជនស្ម័គ្រចិត្ត ស.ស.យ.ក-ខេត្តតាកែវច្រៀងបទនគររាជ និងពង្សាវតាបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ2015 ។
នាងបញ្ជាក់ថា ធ្លាប់មានក្តីស្រមៃថាថ្ងៃណាមួយខ្ញុំនិងច្រៀងលើឆាកធំ អង្គរសង្ក្រាន្តឱ្យបាន ពេលនេះខ្ញុំធ្វើបានហើយ អរគុណជាពិសេសដល់ពុកម៉ែបងប្អូនដែលគាំទ្រ។

នាងថា ឆ្នាំ2023នេះខ្ញុំមានកិត្តិយសបានសម្ដែងនៅឆាកធំ ទីលានជល់ដំរីជាមួយនឹងបទ ស្រឡាញ់អ្វីដែលខ្មែរមានក្តីស្រមៃនិងក្តីសង្ឃឹម សិល្បៈរស់ក្នុងសន្តិភាព អរគុណសន្តិភាព។
តាមរយះសំណេរខាងលើនេះបានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានចូលទៅខំមិន ដោយម្នាក់ៗសម្តែងការអបអរសាទរ និងមោទកភាពសម្រាប់នាងដែលអាចសម្រេចក្តីស្រមៃរបស់ខ្លួននាពេលនេះ។

តារាចម្រៀង តន់ ចន្ទសីម៉ា គឺជាអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ២ មួយរូបដែលមានភាពលេចធ្លោខ្លាំង ទោះបីជាតារាស្រីរូបនេះមិនបានឈ្នះពាន ក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំមួយនេះក៏ពិតមែន តែនាង ក៏ជាបេក្ខភាពឆ្នើមដ៏លេចធ្លោមួយរូប ដែលមានសមត្ថភាពខ្ពស់ ហើយថែមទាំងទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីសំណាក់មហាជន។
បច្ចុប្បន្ន កញ្ញា តន់ ចន្ទសីម៉ា គឺជាតារាចម្រៀងស្រីជួរមុខកម្ពុជាមួយរូប ដែលមានឈ្មោះបោះសំឡេង គ្រប់ទិសទិនៅទូទាំងប្រទេស ហើយនាងជាតារាចម្រៀងមួយដួងនៅក្នុងផលិតកម្ម Galaxy Navatra ផងដែរ៕ រក្សាសិទ្ធដោយ ៖ សំណាង SV









