គ្រូបង្រៀនប្រុសម្នាក់នៅខេត្ត Jiangsu ប្រទេសចិន ត្រូវបានបណ្តេញចេញពីការងារហើយ ដែលបានប្រើអំពើហិស្សាទៅលើសិស្សប្រុសម្នាក់ បណ្តាលឲ្យរបួសផ្អែកត្រង់ក្បាលធ្ងន់ធ្ងរ បន្ទាប់ពីទះកំភ្លៀងកូនសិស្សរបស់ខ្លួនគាត់ជាច្រើនដង ។
ហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានគេរាយការណ៍ថាបានកើតឡើងជាការដាក់ទណ្ឌកម្ម កាលពីថ្ងៃអង្គារ នៅពេលដែលគ្រូបង្រៀនឈ្មោះ Sun Yinchun បានច្រឡោតខឹងនឹងបន្ទប់ថ្នាក់រៀនពោរពេញដោយ «សម្លេងរំខាន» របស់កូនសិស្ស នៅក្នុងម៉ោងបង្រៀន ។ ហើយនៅពេលនោះ Sun Yingchun បានរកឃើញកូនសិស្សប្រុសម្នាក់ ដែលមានឈ្មោះ Xiaochen បានកំពុងនិយាយទៅកាន់មិត្តរួមថ្នាក់ម្នាក់ ។ បន្ទាប់ពីចាប់បាន លោក Sun បានអូសដៃ Xiaochen ចេញពីកៅអីរបស់គេ ទៅកាន់មុខថ្នាក់ និងចាប់ផ្តើមទះកំភ្លៀងគេចំនួន ១២ ដង ។
Xiaochen គឺជាសិស្សជាន់ខ្ពស់ម្នាក់នៅសាលាវិទ្យាល័យ Suyu បានទទួលនូវស្លាកស្នាមជាំលើផ្ទៃមុខផ្អែកខាងឆ្វេងរបស់គេយ៉ាងសាហាវ និងត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ «Suqian Chinese Medicine Hospital» ។
យោងតាមលទ្ធផលពិនិត្យសុខភាព បានបង្ហាញថា Xiaochen បានរងរបួសបាក់ឆ្អឹងទន់ជាលិកា, រលាកជិតភ្នែក និងការបាត់បង់ការស្តាប់លឺមួយផ្នែក ។
ដោយសារហេតុផលទាំងនេះ វិទ្យាល័យ Suyu បានបណ្តេញលោក Sun ចេញពីការងារ និងកាត់ប្រាក់រង្វាន់របស់គាត់ ពីឆ្នាំសិក្សាមុនៗផងដែរ ។
យោងតាម Yangtze Evening News នោះរដ្ឋបាលសាលាក៏បានយល់ព្រមទទួលរ៉ាប់រងចំពោះការចំណាយលើថ្នាំពេទ្យរបស់ Xiaochen និងជួយផ្ទេរគាត់ទៅកាន់សាលាដទៃ ។
ម្តាយរបស់ Xiaochen បានថ្កោលទោសលោក Sun នៅក្នុងការបង្ហោះប្លុកមួយថា៖ «ខ្ញុំមិនដឹងថាតើកូនរបស់ខ្ញុំអាចធ្វើអ្វីខ្លះទេ នៅក្នុងសាលារៀន ដែលរូបគេត្រូវវាយធ្វើបាបបែបនេះ… តើមនុស្សម្នាក់នេះគ្មានការទទួលខុសត្រូវក្នុងនាមជាគ្រូបង្រៀន?» ។
«កូនប្រុសខ្ញុំ ពុំត្រឹមតែឈឺក្នុងផ្លូវកាយទេ តែគេក៏រងទទួលទាំងបញ្ហាស្មារីទៀតផង ហើយនៅពេលនេះ រូបគេនឹងពុំចង់វិលត្រឡប់ទៅសាលាវៀន ដើម្បីប្រឈមនឹងមិត្តភក្តិរបស់គេ ក៏ដូចជាបន្តការសិក្សារបស់គេទេ! ។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចនឹងដាក់ទោសទណ្ឌទៅលើគ្រូរូបនេះឲ្យបានធ្ងន់ធ្ងរផង» ៕ ចន្ទី