សកម្មភាពចង់បានរបស់ទ្រព្យគេដ៏ឥតអៀនខ្មាស ពីសំណាក់បុរសវ័យចំណាស់ម្នាក់ ដោយបានរើសប្រមូលលុយពីអ្នកបើករ៉ឺម៉កកង់បីវ័យក្មេងពីរនាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់នៅលើដងផ្លូវ បានធ្វើឲ្យមហាជនឃើញហើយ សម្តែងរហួសចិត្ត និងស្អប់យ៉ាងខ្លាំង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Phorn Btb ដែលបានជួបហេតុការណ៍នេះផ្ទាល់ រៀបរាប់ទាំងហួសចិត្តថា «ស្តុបទួលពង្រ ម៉ោង 3 រសៀល 18/04/2023 ទឹកចិត្តគេនាំគ្នាជួយរើសលុយអោយជនរងគ្រោៈវិញ ខុសតែលោកអ៊ុំហ្នឹងម្នាក់ រើសញុកហោប៉ាវ គ្នាសំពះសុំលុយវិញគេឃើញគ្រប់គ្នា ប៉ូលីសឃាត់ផងនៅតែយករបស់គ្នា គ្នាបានលុយមកពីណាទៅសងថៅកែវិញ បើរើសលុយគ្នាយកចឹង!»។
ដោយឡែក នៅពេលមានអ្នកពិនិត្យឃើញថ្ងៃខែខុស 2021 និងចោទថាផុសចង់បំពុលសង្គម ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងថា កាមេរ៉ារថយន្តរបស់គាត់ Error (ពុំបាន reset ថ្ងៃខែឡើងវិញ)។
យ៉ាងណាមិញ ក្រឡេកមកមើលហេតុការណ៍ជាក់ស្តែងវិញ គឺបន្ទាប់ពីរ៉ឺម៉កកង់បី បើកបរដ៏ហាក់ព្រហើន ព្រោះតែចង់វ៉ាឆ្លងផ្លូវឲ្យផុតរថយន្តគន្លងស្តាំ ប៉ុន្តែ វ៉ាមិនផុត ក៏បណ្តាលឲ្យកង់ម្ខាងឡើងលើឃឿនទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង ធ្លាក់លុយហើររ៉ាយប៉ាយពាសពេញដងផ្លូវតែម្តង។ បន្ទាប់មក គេក៏បានឃើញអ្នកដំណើរជាច្រើន បានចុះជួយរើសលុយ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្នុងចំណោមនោះ គេបានសង្កេតឃើញបុរសចំណាស់ម្នាក់ពាក់អាវបង្កង់ ចុះពីលើកង់បីពណ៌ខៀវ ទៅរើសប្រមូលលុយញ៉ុកចូលក្នុងហោប៉ៅស្តែងៗតែម្តង។
ខណៈពេលនោះផងដែរ គេក៏បានឃើញម្ចាស់រ៉ឺម៉កសំពះសុំលុយវិញ ប៉ុន្តែ បុរសចំណាស់រូបនោះ ដើរគេចចេញ ទៅឡើងជិះកង់បីផ្សេង (ផាសអាប់ពណ៌ស) ១គ្រឿងទៀត ធ្វើព្រងើយ។ អ្វីដែលរឹតតែគួរឲ្យស្អប់ខ្លាំងនោះ គឺបើទោះជាប៉ូលិសទៅទាមទារ ឲ្យប្រគល់លុយសងម្ចាស់គេវិញយ៉ាងណា ក៏បុរសចំណាស់នោះ ប្រកែកមិនព្រមឲ្យទៀត ហើយនៅពេលប៉ូលិសឃាត់មិនឲ្យកង់បីទៅ ក៏ស្រាប់តែលោតចុះ ដាក់មេប្រូចយ៉ាងលឿន ដោយមិនដឹងថាប៉ូលិសដេញចេញបាន ឬយ៉ាងណានោះទេ។
សូមបញ្ជាក់ថា នេះជាបទល្មើសជាក់ស្តែង បទល្មើសមានទម្ងន់ (ស្មើចេតនាលួច) ដែលប៉ូលីសចរាចរណ៍នៅកន្លែងកើតហេតុ មានសិទ្ធិធ្វើការឃាត់ខ្លួន ឬចាប់វ៉ៃខ្នោះយកទៅប៉ុស្តិ៍បាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













