នៅលើបណ្តាញទំនាក់ទំនងសង្គមវៀតណាម ថ្មីៗនេះបានផ្សព្វផ្សាយវីដេអូឃ្លីបរយៈពេលជិត ៥ នាទី ដែលកត់ត្រាករណីប្លន់ទាំងមូល នៅការិយាល័យប្រតិបត្តិការរបស់ធានាគារ Sacombank សាខា Bau Bang (ទីប្រជុំជន Lai Uyen ស្រុក Bau Bang ខេត្ត Binh Duong)។
តាមវីដេអូឃ្លីប បានបង្ហាញថា បន្ទាប់ពីប្រមូលលុយរួចហើយ ដែលមានទឹកប្រាក់ចំនួន ៧០០ លានដុង (ស្មើ៣០០០ដុល្លារ) ចោរបានកាន់កាំភ្លើង មកចង្អុលសន្តិសុខ ដើម្បីសុំបើកទ្វាររត់គេចខ្លួន។ ទោះជាយ៉ាងណា សន្តិសុខប្រុសដ៏ក្លាហាន បានឆ្លៀតឱកាសពេលដែលមុខសញ្ញាមិនចាប់អារម្មណ៍ ក៏ប្រញាប់ស្ទុះទៅចាប់ភ្លាមៗ នៅច្រកទ្វារ។
បន្ទាប់មក បុគ្គលិក និងអតិថិជនមួយចំនួន ដែលកំពុងទទួលសេវានៅក្នុងធនាគារ ក៏បាននាំគ្នាទៅជួយចាប់ចោរប្លន់នោះភ្លាមៗ និងព្រមទាំងព្រលែងម្នាក់មួយដៃមួយជើងទាំងកំហឹង ទម្រាំប៉ូលិសមកដល់សល់ដង្ហើមចង្រឹត។
បុរសសន្តិសុខម្នាក់នោះ ត្រូវបានចោរបាញ់ចំនួន២គ្រាប់ តែរបួសស្រាលប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត Binh Duong។ នៅថ្ងៃទី១៨ មេសា ថ្នាក់ដឹកនាំនគរបាលខេត្ត Binh Duong បានចុះផ្ទាល់ទៅកាន់មន្ទីរពេទ្យ ដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់អំណោយ។
ប៉ូលីសស្រុក Bau Bang ក៏បានស្នើទៅប្រធានសន្តិសុខសាធារណៈខេត្ត Binh Duong ដើម្បីផ្តល់រង្វាន់ដល់ទង្វើដ៏ក្លាហានរបស់បុគ្គលរូបនោះផងដែរ។
បើតាមការចុះផ្សាយរបស់កាសែត Nguoi Lao Dong បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៧ ខែមេសា បុរសម្នាក់បានកាន់កាំភ្លើង ដើរចូលទៅក្នុងការិយាល័យប្រតិបត្តិការធនាគារ Sacombank Bau Bang ហើយគំរាមបុគ្គលិកដើម្បីប្លន់ប្រាក់។ ដោយដឹងពីហេតុការណ៍នេះ សន្តិសុខបានបិទទ្វារ ហើយព្យាយាមចាប់ចោរប្លន់ទាំងប្រថុយអាយុជីវិត។
ក្រោយមក ប៉ូលិសស្រុក Bau Bang បានមកដល់កន្លែងកើតហេតុ ហើយនាំយកចោររូបនោះ រួមជាមួយវត្ថុតាង ទៅកាន់ទីស្នាក់ការប៉ូលិស ដើម្បីចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង