កាលពីថ្ងៃទី១៦ ខែមេសា សត្វតោពីរក្បាលពេលកំពុងសម្តែងនៅសៀកមួយ ក្នុងទីក្រុង Luoyang ទីក្រុង Henan ប្រទេសចិន បានរត់ចេញពីទ្រុងដែកការពារ ធ្វើឱ្យទស្សនិកជនភ័យស្លន់ស្លោ រត់ចេញពីកន្លែងអង្គុយរបស់ពួកគេទាំងព្រលឹងចុងសក់។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ទ្វារទ្រុងដែករវាងតោ និងទស្សនិកជន មិនបានចាក់សោរដោយប្រយ័ត្នប្រយែងនោះទេ ដែលជាហេតុធ្វើឲ្យតោទាំងពីរ រត់គេចខ្លួនយ៉ាងលឿន។
យោងតាមសាក្សីឃើញផ្ទាល់ភ្នែក បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានវិនាទី សត្វតោពីរក្បាលបានលោតចូលទៅក្នុងច្រកផ្លូវបុគ្គលិក ហើយបានចូលកាន់អ្នកទស្សនាដែលពោរពេញដោយភាពភ័យខ្លាច។
សត្វតោមួយក្បាលត្រូវបានចាប់មកវិញ ប៉ុន្តែសត្វតោមួយក្បាលទៀត បានគ្រប់គ្រងរត់ចេញទៅខាងក្រៅ។ តែទោះជាយ៉ាងណា សត្វតោទីពីរនេះត្រូវបានចាប់ដោយបុគ្គលិកសៀក ៣០ នាទីក្រោយមក ដោយវាពុំបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ។
តែយ៉ាងណា នៅក្នុងវីដេអូដែលបានចែករំលែកនៅលើ Douyin ទស្សនិកជននៅក្នុងសៀក បានរត់ទាំងភិតភ័យយ៉ាងខ្លាំងនៅជុំវិញកន្លែងសៀកនោះ នៅពេលដែលពួកគេបានឃើញសត្វតោពីរក្បាលរត់ចេញពីទ្រុង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សៀកនេះទើបតែត្រូវបានបង្កើតឡើង ហើយត្រូវបានគេរំពឹងថានឹងសម្តែងនៅទីក្រុង Luoyang រហូតដល់ថ្ងៃទី ៣០ ខែមេសា។
គណនី Weibo ផ្លូវការរបស់រដ្ឋាភិបាលក្នុងតំបន់ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយថា សៀកតោនេះ ត្រូវបានបញ្ជាឱ្យផ្អាកអាជីវកម្មដើម្បីកែតម្រូវ។ លើសពីនេះ អាជ្ញាធរនឹងស៊ើបអង្កេត និងដោះស្រាយរឿងនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង