ប្រធានក្រុមបេសកកម្មសង្គ្រោះ និយាយនៅថ្ងៃសៅរ៍នេះថា ដែកខួងជាង ១០០ កំពុងត្រូវបានខួងចូលទៅក្នុងផ្នែកភ្នំហើយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ក្រុមក្មេងៗបាល់ទាត់ថៃទាំងគ្រូនិងសិស្ស១៣នាក់ ដែលកំពុងជាប់គាំងនៅរូងដ៏ស្មុគ្រស្មាញខាងក្រោម ។ គាត់ក៏បានបញ្ជាក់ថា «ការទាញយក» ពួកគេ ប្រហែលអាចធ្វើទៅបានក្នុងរង្វង់ «១ថ្ងៃ ឬ ២ថ្ងៃ» ។
កិច្ចខំប្រឹងប្រែសង្គ្រោះដែលពុំធ្លាប់មានពីមុនមកនេះ កំពុងព្យាយាមបង្កើតនូវវិធីថ្មីៗ ដើម្បីទាញយកក្មេងៗរងគ្រោះទាំងនោះចេញតាមផ្នែកខាងលើ ប្រសិនបើនៅតាមបន្ទប់ៗក្រោមដីនៅតែជន់លិច ហើយវាត្រូវបានចាត់ទុកថាជាការប្រឈមគ្រោះថ្នាក់បំផុត ក្នុងការជម្លៀសពួកគេតាមរយៈផ្លូវឆ្លងកាត់លិចទឹក ។
លោក Narongsak Osottanakorn បានប្រាប់អ្នកសារព័ត៌មានថា៖ «ដែកខួងខ្លះ គឺមានជម្រៅរហូតដល់ ៤០០ ម៉ែត្រ… ប៉ុន្តែ ពួកគេនៅតែពុំអាចស្វែងរកទីតាំងរបស់ក្មេងៗទាំងនោះនៅឡើយ» ។ លោកបន្ថែមថា៖ «បេសកកម្មនេះខ្វះបច្ចេកវិទ្យា ក្នុងការកំណត់ទីកន្លែងដែលពួកគេកំពុងស្នាក់នៅ ។ យើងបានប៉ាន់ស្មានថា (ពួក) គឺស្ថិតនៅក្រោមនេះ ៦០០ ម៉ែត្រ ប៉ុន្តែ យើងមិនដឹងគោលដៅច្បាស់ទេ» ។
ឆ្លើយទៅនឹងសំណួរថា ទាក់ទងនឹងការធ្លាក់ចុះកម្រិតអុកស៊ីហ្សែនក្នុងរូង គាត់និយាយថា ក្រុមសង្គ្រោះបានគ្រប់គ្រងបង្កើតខ្សែមួយ ដើម្បីបូមយកខ្យល់អាកាស ហើយក៏បានដកកម្មករដែលមិនសំខាន់ ចេញពីក្នុងរូង ៣ -ទីកន្លែងមូលដ្ឋានសង្រោះ ដើម្បីរក្សាកម្រិតអុកស៊ីហ្សែននៅក្នុងរូង ។
លោកបន្តថា ទោះយ៉ាងណា ពួកគេទាំងអស់គ្នា សុទ្ធតែមានសុខភាពល្អ ហើយអាចប្រាស្រ័យទាក់ទងបានយ៉ាងច្បាស់ និងលេងសើចជាមួយគ្នាពួកគេផងដែរ ។
នៅព្រឹកថ្ងៃសៅរ៍នេះ Thai Navy SEAL បានផុសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយស្រង់យកពាក្យសម្តីរបស់ក្មេងមួយចំនួនក្នុងចំណោមនោះ ដែលបានសរសេរទៅកាន់ឪពុកម្តាយរបស់ពួកគេ៖
ក្មេងប្រុសឈ្មោះ Chanintr Wiboonroongruang (Titan) អាយុ ១១ ឆ្នាំ បានសរសេរថា៖ «ប៉ា និងម៉ាក់ សូមអ្នកទាំងពីរ កុំបារម្ភនឹងកូនអីណា ។ កូនសុខសប្បាយទេ ។ សូមយកកូនទៅញ៉ាំបំពង បន្ទាពីនេះ ។ កូនពិតជាស្រលាញ់អ្នកទាំងពីរណាស់» ។
Pipat Potiayu អាយុ ១៥ ឆ្នាំ បានសរសេរថា៖ «កូនស្រលាញ់អ្នកម៉ាក់ និងលោកប៉ា ហើយកូនចង់ញ៉ាំសាច់ជ្រូក shabu» ។
សូមបញ្ជាក់ថា ក្មេងៗបាល់ទាត់ទាំង១២នាក់ និងគ្រូបង្វឹករបស់ពួកគេ បានកំពុងជាប់គាំងនៅក្នុងរូងភ្នំលិចទឹក Tham Luang អស់រយៈពេល ២ សប្តាហ៍ មកហើយ ៕ ឧត្តម