នៅលើបណ្តាញសង្គម នាពេលនេះ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសារដ៏រំភើបកំពុងត្រូវបានចែករំលែកព្រោងព្រាត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្តេចបានប្រកាសថា ប្រសិនបើមានកំលោះ និងក្រមុំ ណាខ្លះស្គាល់គ្នានៅលើឡានក្រុង ក្នុងឱកាសទៅលេងស្រុកកំណើតនាថ្ងៃចូលឆ្នាំខ្មែរ ហើយរៀបការនឹងគ្នា កុំភ្លេចអញ្ជើញសម្តេចផង។
ឆ្លៀតឱកាសថ្លែងអរគុណ ទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់រថយន្តក្រុង ជូនប្រជាពលរដ្ឋប្រមាណ ៥ ម៉ឺននាក់ ទៅកាន់ស្រុកកំណើត នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «មើ..! ខ្ញុំប៉ុន្មានឆ្នាំចុងក្រោយនេះ លើកលែងតែដំណាក់កាលកូវីដទេ ខ្ញុំចង់ដេញថ្លៃជាមួយរថយន្តឈ្នួល និងតាក់ស៊ី ពូកែឡើងថ្លៃកប់ពពកពេក អីចឹងខ្ញុំចាប់ផ្តើមលេង… ឥឡូវហ្នឹង រថយន្តបន្ថែមទៀត ដល់អ៊ីចឹងទៅ អត់ឡើងថ្លៃដែរ…»។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា៖ «៥ម៉ឺននាក់ ជិះរថយន្តក្រុង មានរឿងអី ហើយគេនិយាយចេះទៅទៀត ខ្លះគេស្គាល់គ្នាលើរថយន្តក្រុង ឆ្នាំនេះ សប្បាយដល់ម្ល៉ឹង! គេអត់ស្គាល់គ្នាទេ តែគេជិះឡានជាមួយគ្នា ដល់ចឹងគេស្គាល់គ្នាលើឡាន ហើយសង្ឃឹមថា អាចមានស្រ្តីខ្លះ នារីនិងបុរស ដែលនៅកំលោះក្រមុំ អាចរៀបការបែបហ្នឹង ផ្ញើសំបុត្រអញ្ជើញខ្ញុំផង…»។
តាមរយៈការលើកឡើងខាងលើរបស់សម្តេច គេសង្ឃឹមថា នឹងប្រហែលជាអាចមានព្រឹត្តិការណ៍នេះកើតឡើង និងក៏សូមជូនពរផងដែរ សម្រាប់គូស្នេហ៍ដែលជួបគ្នាចៃដន្យ លើឡានក្រុង ដែលត្រៀមទទួលបានចំណងដៃដ៏មហាកិត្តិយសពីសម្តេច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


