ករណីអំពើឃាតកម្ម នារីរូបស្រស់ស្អាតជាបុគ្គលិកកាស៊ីណូ នៅក្រុងបាវិត ដែលត្រូវបានគេសម្លា.ប់កា.ត់ក្បាលយ៉ាងព្រៃផ្សៃ និងស្ថិតក្នុងកាយអាក្រាត នៅក្នុងបន្ទប់ផ្ទះជួល, ឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយកម្លាំងនគរបាលនៃស្នងការខេត្តព្រះវិហារ ស្រាវជ្រាវរកឃើញ ខណៈរូបគេបានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន នៅក្នុងផ្ទះសំណាក់មួយកន្លែង នៅភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
ទោះជាយ៉ាងណា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យរូបនេះដែលមានឈ្មោះ ឈ្មោះ ឡោ គង់ហួរ ភេទប្រុស អាយុ ៤១ ឆ្នាំ ទៅព្យាបាលនៅមន្ទីរពេទ្យជាបណ្តោះអាសន្ន ដើម្បីរង់ចាំសាកសួរមូលហេតុ ដែលនាំឲ្យរូបគេសម្លា.ប់នារីរងគ្រោះ នៅឯក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
តែយ៉ាងណា មុនដឹងចម្លើយសារភាព សូមមកស្តាប់ដំណើររឿងខ្លះៗ ដែលអាចជាមូលហេតុចម្បងធ្វើឲ្យជនសង្ស័យខាងលើ សម្រេចចិត្តសម្លាប់នារីរងគ្រោះ។ នេះបើតាមឪពុកបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា តាមពិតទៅ រវាងកូនស្រីរបស់គាត់ និងជនសង្ស័យ គឺពួកគេជាសង្សារនឹងគ្នា ដែលបានស្រលាញ់គ្នាអស់រយៈពេល១ឆ្នាំមកហើយ ខណៈពួកគេនៅធ្វើការរោងចក្រជាមួយគ្នា។ ប៉ុន្តែ ដោយសារតែដឹងថា ជនសង្ស័យមានកូនប្រពន្ធរួចទៅហើយ ខណៈប្រពន្ធដើមក៏បានដឹងទៀតផង រូបគាត់ជាឪពុកក៏បានបំបែកមិនឲ្យយកដាច់ខាត។
បុរសជាឪពុកបន្តថា ដោយសារតែជនសង្ស័យនៅតាមស្រលាញ់ គាត់ក៏បានបំបែកកូនស្រីចេញ ដោយឲ្យឈប់ធ្វើការរោងចក្រ ទៅធ្វើការនៅកាស៊ីណូក្រុងបាវិត។ ប៉ុន្តែ បន្ទាប់ពីកូនស្រីរបស់គាត់ ទៅធ្វើការនៅទីនោះបានប្រហែល១ខែ ស្រាប់តែជនសង្ស័យ ទៅស្វែងរកឃើញ ហើយបាននាំគ្នាចូលក្លឹបទៀតផង ដោយជនសង្ស័យបានជួលបន្ទប់មួយ ខណៈកូនស្រីរបស់គាត់ស្នាក់នៅកន្លែងធ្វើការ (កាស៊ីណូ)។
គាត់បន្តឲ្យដឹងទៀតថា បើតាមអ្នកនៅផ្ទះជួលក្បែរនោះ បានប្រាប់ថា ជនសង្ស័យ និងកូនស្រីរបស់គាត់ បានចូលក្នុងបន្ទប់ ក៏មានការឈ្លោះប្រកែកគ្នាខ្លាំងៗ ប៉ុន្តែ មួយសន្ទុះក្រោយមក ក៏បានស្ងាត់មាត់ឈឹង ហើយបន្ទាប់មក គេក៏បានឃើញជនសង្ស័យទាញម៉ូតូជិះចាកចេញតែម្នាក់ឯងប៉ុណ្ណោះ។ បើតាមការសនិ្នដ្ឋានរបស់ឪពុក គឺមិនមែនជាករណីរំលោភសម្លាប់នោះទេ អាចករណីផ្សេង ដែលជនសង្ស័យបានដាក់ថ្នាំសម្លាប់ រួចកាត់កផ្តាច់ពីខ្លួនយ៉ាងព្រៃផ្សៃបែបនេះតែម្តង។
សូមបញ្ជាក់ថា នារីរងគ្រោះគឺជាស្រ្តីមេម៉ាយកូនមួយ ដែលបានលែងលះជាមួយប្តីដើម កាលពីឆ្នាំ២០២២ ហើយបន្ទាប់ពីនោះមក នៅក្នុងហ្វេសប៊ុករបស់នាង គេតែងសង្កេតបង្ហោះរឿងសោកសៅក្នុងជីវិតជារឿយៗ រហូតនៅថ្ងៃចុងក្រោយនៃជីវិត នាងក៏បានបង្ហោះសារផ្តែផ្តាំទៅសាច់ញាតិថា បើបានរកឃើញសាកសពរបស់នាងនៅកន្លែងណា សូមឲ្យយកទៅបូជានៅវត្តផង ហើយយកឆ្អឹងរបស់នាងទៅទម្លាក់ចោលក្នុងទឹកទន្លេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








