ថ្លែងក្នុងពេលកំពុងទស្សនកិច្ចនៅវៀតណាម ប្រមុខការទូតអាមេរិក Pompeo ថ្លែងថា ប្រធានាធិបតីអាមេរិកDonald Trump មានជំនឿថា កូរ៉េខាងជើងអាចដើរតាមផ្លូវមួយស្រដៀងវៀតណាម ក្នុងដំណើរការប្រក្រតីភាវូបនីយកម្មទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន ហើយឈានឆ្ពោះទៅរកភាពរុងរឿង។ តាមលោក ពេលនេះមេដឹកនាំកូរ៉េខាងជើងត្រូវក្ដោបក្ដាប់ឱកាស។
ប្រមុខការទូតអាមេរិក Pompeo និងមេដឹកនាំកូរ៉េខាងជើង Kim Jong-un
ថ្លែងក្នុងជំនួបជាមួយសហគមន៍វៀតណាម ប្រមុខការទូតអាមេរិកបង្ហាញពីបំណងថាថ្ងៃណាមួយចំណងទាក់ទងដៃគូ ជាមួយកូរ៉េខាងជើងរបស់អាមេរិកនឹងមានដូចវៀតណាមបច្ចុប្បន្ន។ លោកសង្កត់ធ្ងន់ថា មេដឹកនាំ Kim នឹងយល់ឃើញថា កូរ៉េខាងជើងអាចឈានទៅធ្វើការកែទម្រង់និងស្ថាបនាចំណងទាក់ទងទាំងឡាយជាមួយអាមេរិកដោយពុំមានរងការគំរាមកំហែងអំពីអធិបតេយ្យភាព ឬការផ្លាស់ប្ដូររបបនយោបាយឡើយ។
លោកលើកឡើងបន្ថែមថា ក្រោយ២ទសវត្សន៍ប៉ុណ្ណោះ ជញ្ជីងពាណិជ្ជកម្មទ្វេភាគីអាមេរិក-វៀតណាមបានកើនឡើងដល់ទៅ 8.000% ហើយបណ្ដាក្រុមហ៊ុនអាមេរិកបានបណ្ដាក់ទុនរាប់ពាន់លានដុល្លារក្នុងទីផ្សារវៀតណាម។ លោកវាយតម្លៃថា គំរូនៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមគួរត្រូវបានកូរ៉េខាងជើងរៀនសូត្រតាម។
អគ្គលេខាបក្សវៀតណាមនិងប្រមុខការទូតអាមេរិក
គូររំលឹកថា ប្រមុខការទូតអាមេរិកបានលើកឡើងបញ្ហាទាំងឡាយខាងលើ បន្ទាប់ពីលោកបញ្ចប់ដំណើរទស្សនកិច្ចទី៣ ក្នុងរយៈពេលពីរថ្ងៃមុននេះ។
បើតាមប្រមុខការទូតអាមេរិក ជំនួបកន្លងមក ភាគីទាំងពីរបានពិភាក្សានូវខ្លឹមសារ«ស្មុគស្មាញ» ហើយភាគីទាំងសងខាងក៏ទទួលបាននូវភាពរីកចម្រើនចំពោះខ្លឹមសារស្នូលស្ទើរតែទាំងអស់ ។យ៉ាងនេះក្ដី ក៏នៅមានការងារច្រើនដែលក្រុងវ៉ាស៊ីនតោននិងក្រុងព្យុងយ៉ាងត្រូវបន្ដសុក្រឹតភាពវា ។
ជាក់ស្ដែងនៅថ្ងៃទី១២ ខែកក្កដាខាងមុខ មន្ដ្រីក្រសួងការពារជាតិអាមេរិកនឹងជួបប្រជុំជាមួយមន្ដ្រីកូរ៉េខាងជើង នៅតំបន់ព្រំដែនកូរ៉េទាំងពីរ ដើម្បីពិភាក្សាអំពីការ ប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក៕
សូយន