ភ្នំពេញ ៖ ដូចការគ្រោងទុកតារាសម្តែងលោក បញ្ញា សិទ្ធ នឹងយកម្តាយចេញទៅព្យាបាលជំងឺនៅក្នុងប្រទេសថៃ បន្ទាប់ពីតារារូបនេះបានទទួលអំណោយដ៏ថ្លៃថ្លា ពីសម្តេចតេជោចំនួន៣ម៉ឺនដុល្លារ សម្រាប់សម្រួលថ្លៃព្យាបាល នៅពេលដែលលោកកំពុងមានការខ្វះខាតខ្លាំង។

នៅថ្ងៃនេះលោក បញ្ញា សិទ្ធ បានបញ្ចេញរូបភាពម្តាយ និងឪពុករបស់លោកដែលកំពុងស្ថិតក្នុងស្ថានភាពជំងឺ អមជាមួយនឹងសំណេរបង្ហោះលើបណ្តាញសង្គមថា ខ្ញុំបានមកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃនេះ ហើយនេះជាម៉ាក់ខ្ញុំដែលគាត់គេងស្អំទឹកកកពោះ នឹង ប៉ារបស់ខ្ញុំ ។ ថ្ងៃស្អែកខ្ញុំនឹងយកអ្នកម្តាយទៅប្រទេសថៃ ។
កូនពិតជាអរគុណសម្តេចពុក សម្តេចម៉ែ ខ្លាំងណាស់ ដែលជួយដល់កូននឹងម្តាយកូន សូមសម្តេចពុកសម្តេចម៉ែ សុខភាពល្អ ឈ្នះអស់មាសត្រូវ នឹង ជាម្លប់ដល់កូនចៅនឹងប្រជាជនទូទាំងប្រទេស ជារាងរហូតតទៅ 21-04-2023។
ជាការកត់សម្គាល់នៅមុនពេលទទួលបានអំណោយជាថវិកាពីប្រមុខដឹកនាំនាពេលនេះតារាសម្តែងលោក បញ្ញា សិទ្ធ បានលាតត្រដាងរឿងរ៉ាវពិតពីស្ថានភាពជំងឺម្តាយរបស់ខ្លួនជាសាធារណះតាមរយះបណ្តាញសង្គមថា ខ្ញុំសូមអរគុណបងបង នឹង មិត្តៗ សិល្បះដែលនៅរាប់អានខ្ញុំ ពេលនេះខ្ញុំអស់លិទ្ធភាពដែលមើលគាត់ដោយសារវាយូឆ្នាំមកហើយ កំរងនោម នឹងពោះវៀត នឹងជំងឺជាច្រើនទៀតដែលខ្ញុំបានមើលថែគាត់ដោយខ្ញុំផ្ទាល់។

លោកបញ្ជាក់ថា អស់រយៈពេលជាង ១០ ឆ្នាំ ពេលនេះខ្ញុំត្រូវកាលុយមួយចំនួនយកគាត់ទៅវះកាត់នៅប្រទេសថៃ នៅថ្ងៃ 25/4/2023 នេះ នៅមានកាខ្វះខាតច្រើន។
បើតាមលោក បញ្ញា សិទ្ធ មានតែទឹកចិត្តបងបង នឹង មិត្តសិល្បៈទេដែលជួយម្តាយខ្ញុំបាន ព្រោះខ្ញុំគ្មានលិទ្ធភាពបន្តទៀតទេ ខ្ញុំលះបង់កាអៀនខ្មាស់សំរាប់ជីវិតម្តាយខ្ញុំ ។

ក្រោយពីមានការបង្ហោះសារខាងលើនេះគេក៏សង្កេតឃើញមានមិត្តភក្តិ ជាពិសេសបណ្តាអ្នកសិល្បៈជាបន្តបន្ទាប់បានចូលរួមជួយលោក បញ្ញា សិទ្ធ ដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកនាពេលនេះ។
គួរបញ្ជាក់ថា តារាសម្តែងលោក បញ្ញា សិទ្ធ បានបាត់វត្តមានសម្តែងនៅក្នុងស្រុកក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកកំពុងជាប់ដៃរកប្រាក់នៅក្រៅប្រទេស ដើម្បីយកមកព្យាបាលជំងឺដ៏រាំរ៉ៃរបស់ម្តាយ៕ រក្សាសិទ្ធដោយ ៖ សំណាង SV












