សកម្មភាពរបស់អ្នករត់កង់បីចរិកឈ្លើយម្នាក់ ដែលឈ្លោះទៅនឹងស្រ្តីអ្នកដំណើរ មកពីចូលឆ្នាំវិញ បានធ្វើឲ្យមហាជនសម្តែងការហួសចិត្ត និងពិសេសគួរស្អប់យ៉ាងខ្លាំងនោះ គឺអ្នកខាងក្រៅ ដែលជាគ្នីគ្នាខាងកង់បីតែម្តង មកព្រួតប្រើអំពើហិង្សា ព្រោះតែខឹងគេមិនជិះ ដោយសារទារថ្លៃហួសហេតុពេក។
បើតាមស្រ្តីអ្នកដំណើរ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ អ្នកកង់បីទារ ៤ ម៉ឺន គាត់ឲ្យ ២ ម៉ឺន (តម្លៃជិះធម្មតា) ប៉ុន្តែ ដោយសារតែមានអ៊ីវ៉ាន់ច្រើនគួរសម គាត់ក៏ឲ្យ ៣ ម៉ឺន។ ប៉ុន្តែ ដោយសារអ្នកកង់បីនោះនៅរ៉េរ៉មិនព្រមក្នុងតម្លៃ ៣ ម៉ឺន គាត់ក៏បានហៅបងប្រុសរបស់គាត់ មកយកវិញ។
ស្រ្តីមិនខ្លាចញញើតរូបនោះបន្តថា ដោយមិនបានយល់ព្រម (អ៊ឺអើ) តម្លៃគ្នាផង អ្នកអត់កង់បីនោះ ក៏បានបើកកង់បីមក ហើយគាត់ក៏បានប្រាប់ថា ឲ្យបងមកយកហើយ ស្រាប់តែអ្នករត់កង់បីរូបនោះ បានប្រើសម្តីដ៏ឈ្លើយថា បើមិនចង់អស់លុយច្រើនដើរហ្មងទៅ និងសូម្បីបោះសម្តីថា «ថ្លង់» មិនលឺគេព្រមទៅ និងថែមទាំងផ្ទុះកំហឹង ជេរស្រីដូចហែកសំពត់អ៊ីចឹង។
តែអ្វីដែលហួសចិត្ត និងគួរឲ្យស្អប់ខ្លាំងជាងនេះទៀតនោះ គឺខណៈពេលនោះ ស្រាប់តែមានស្រ្តីចំណាស់ម្នាក់ចូលមកលូកមាត់ និងក្រុមគ្នីគ្នារត់កង់បីដ៏អណាធិបតេយ្យប៉ុន្មាននាក់ផ្សេងទៀត កាងនៅមុខរ៉ារទេះភ្លើង (សក្យមុនីចេតិយ៍ចាស់) លើកគ្នាមកព្រួតប្រើអំពើហិង្សា ទៅលើគ្រួសារអ្នកដំណើរ និងសូម្បីវាយអ្នកកង់បី ដែលមកយកទៀតផង។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម ដែលស្គាល់ច្បាស់ពីក្រុមកង់បីកាប់តម្លៃដ៏ហួសប្រមាណ បានប្រាប់ឲ្យដឹងថា៖ «អ្នករត់កង់បីមួយចំនួនធំ ចាំចាប់ភ្ញៀវចុះពីឡានធ្វើស៊ីសាហាវណាស់ ហើយសម្តីវិញក៏ឈ្លើយទៀត បងប្អូនបើជៀសបាន កុំជិះពួកហ្នឹងអីល្អជាង ពិសេសកង់បីមានបិទផ្លាកសមាគមន៍ ពីព្រោះពួកគេអាងមានគ្នីគ្នាច្រើន មានមេដោះស្រាយមិនខ្វល់ថា ខ្លួនឯងខុសឬត្រូវទេ។ (បញ្ជាក់មិនមែនអាក្រក់ទាំងអស់ទេ)»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





