ការនឹងសង់ផ្ទះមួយខ្នងៗនោះ ត្រូវចំណាយទ្រព្យទាំងដុំៗ ។ សម័យមុនមានព្រៃឈើច្រើន ការរកឈើមកធ្វើផ្ទះមិនជាការ លំបាកណាស់ណាទេ។ ឱ្យតែឧស្សាហ៍នោះក៏បានឈើមកសង់ផ្ទះបានហើយ។
ខ្នាតដែលមានទាក់ទិននឹងតម្រា គឺជ្រើសថ្ងៃល្អ-ថ្ងៃអាក្រក់ នៅក្នុងការចូលទៅកាប់ឈើនៅក្នុងព្រៃនិងការដែលត្រូវមើលថា ឈើនោះជាមង្គលដែរឬក៏ទេ។
សម័យបច្ចុប្បន្ននេះធ្វើឱ្យដូចពីបុរាណមិនបាននោះឡើយ។ វិធីសាស្ដ្ររបស់ប្រជាអ្នកស្រុក ដែលបានគិតនិងធ្វើផ្ទះនោះចាំបាច់ត្រូវប្រមូលសន្សំជម្រើសឈើជាមុនសិន : ដូចជាឆ្នាំនេះរកបានសសរ ឆ្នាំបន្ដរកបានរត ឆ្នាំបន្ដទៀតរកបានក្ដារក្រាល ឆ្នាំបន្តទៀតរកបានដៃរណែង ចន្ទល់, រនូត។ល។ ហើយនៅមានវិធីសាស្ដ្រអមសងខាងដទៃរបស់អ្នកស្រុកផងដែរ ជួនជាអ្នកខ្លះក៏មានធនធានមិនសូវបរិបូរណ៍ រកបានសសរហើយ ហើយរង់ចាំរហូតដល់ពុកសសរទៅមួយចំនួនទៀតក៏រកមិនបានគ្រប់គ្រឿងផ្ទះមួយផង។ នៅពេលនេះទៀតសោត មួយចំនួនធំជាអ្នកទីទ័លក្រមែនទែនទៅ ក៏រកឈើមិនបានធ្វើសសរផង ហើយក៏យកស៊ីម៉ងត៍និងឥដ្ឋមកធ្វើជាសសរក៏មានដែរ។ ដោយសារតែឈើពិបាកក្នុងការរកកាប់មកធ្វើជាគ្រឿងផ្ទះ ហើយប្រិនជាមានក៏ស្ថិតក្នុងតម្លៃមួយខ្ពស់ទៀតផង។
ប្រពៃណីនៃការយល់ដឹងដើម្បីសន្សំប្រមូលនូវឈើ ព្រមទាំងបរិក្ខារសម្រាប់ធ្វើផ្ទះសម្បែងនេះ គឺជាប្រពៃណីមួយដែលគួរ កត់ត្រាទុកជាខ្លាំង ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការស្វែងយល់ឱ្យបានដឹងនូវប្រការដែលត្រូវដាក់ដាំឈើ ដើម្បីជាប្រយោជន៍ក្នុងការសាងទីស្នាក់អាស្រ័យនៅ។ ដូចជាដាំឫស្សីពីងពង់ ស្ដៅ សុក្រម។ ល។ ដែលជាឈើឆាប់ធំ ហើយទោះបីវាមានសាច់ទន់ក៏អាចអារធ្វើជាផ្ទះបានដែរ៕
បណ្ឌិត មីសែល ត្រាណេ