ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម បានបង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ក្រោយពីបានឃើញស្រ្តីជាប្រពន្ធ បានសម្រេចចិត្តបញ្ចេញរូបភាព និងវីដេអូ បង្ហាញលោកអភិបាលរងក្រុងបូកគោ ខេត្តកំពត ឈ្មោះ គឹម បញ្ញា ដែលជាប្តីបានប្រើអំពើហិង្សាមកលើរូបគាត់ជាប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ ប្រៀបដូចជាទេសករអ៊ីចឹង។
នេះបើតាមស្រ្តីជាប្រពន្ធ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ah Leak នៅមុននេះបន្តិច (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣) បានបង្ហោះវីដេអូ និងរូបភាពជាភស្តុតាង បង្ហាញប្តីជាអភិបាលរងក្រុងបូកគោរូបនេះ ប្រើអំពើហិង្សាយ៉ាងឃោរឃៅមកលើរូបនាង ឲ្យរងរបួសធ្ងន់ធ្ងរ ដោយរូបនាងបានរៀបរាប់ឲ្យបងប្អូនមហាជនបានដឹងយ៉ាងដូច្នេះថា៖ «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមីឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់ នាងខ្ញុំមិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សាដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហឹង្សាដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប និងvideo ទាំងនេះ ដើម្បីអោយបងប្អូននិងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំផង»។
ស្រ្តីជាប្រពន្ធរងគ្រោះបានបន្តថា «សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូអភិបាលខេត្តកំពតបានជ្រៀប និងជួយរកយុតិ្តធម៍ ដល់នាងខ្ញុំផង។ នាងខ្ញុំ សូមអរគុណ»។
ក្រោយពីបានឃើញសាហាវបែបនេះ មហាជនដែលពោរពេញទៅដោយកំហឹងឈឺចាប់ជំនួស បានដាក់ឲ្យធ្ងន់ៗយ៉ាងដូច្នេះថា៖ «សាហាវណាស់អានេះ ផ្ទះមានមិនចង់នៅ ចង់នៅទ្រុង, ធ្វើដល់អ្នកដឹកនាំ តែសម្តីនិយាយចេញមក ដូចអត់បានរៀន មិនបានស្មើសត្វផង, សន្តានមនុស្សមិនកែ ទោះកិច្ចសន្យា100ដងទៀត ក៏វានៅតែចឹង,…»។ ជាមួយគ្នានេះ មហាជនជាច្រើន ក៏បានស្នើឲ្យថ្នាក់លើដកតំណែងជនហិង្សារូបនេះ និងឲ្យតុលាការកាត់ទោសទៅតាមផ្លូវច្បាប់ មិនអាចលើកលែងបានឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









