ភ្នំពេញ ៖ តារាចម្រៀងរ៉េប ពូ ឃ្លាំង បានលើកឡើង៣ចំណុច ដែលលោកមិនប្រកាន់យកដូចទៅនឹងតារាចម្រៀងមួយចំនួនតូចនោះឡើយ ក្នុងនាមជាអ្នកប្រកបអាជីពចម្រៀងបម្រើទស្សនិកជនទូទៅ។
តារាចម្រៀងរូបនេះក៏បានលើកឡើងរឿងប៉ុន្មានចំណុច ដែលជាចរិតកាច់រាងរបស់តារាមួយចំនួន ដែលលោកធ្លាប់ជួបនាពេលកន្លងមកនេះ ។

ពូ ឃ្លាំង លើកឡើងចំណុចទាំង៣នោះថា តារាចម្រៀង ល្បីៗមួយចំនួន ទាល់តែបានលុយច្រើន សមនឹង Credit របស់គេ បានច្រៀង , តារាចម្រៀងខ្លះ ទាល់តែឆាកធំ បានច្រៀង និងតារាចំរៀងខ្លះទៀត ទាល់តែមានរូប Banner ធំ ក្នុងកម្មវិធីធំ បានច្រៀង ។

យ៉ាងណាក្នុងនាមជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងម្នាក់ដែរនោះ ពូ ឃ្លាំង ហាក់មិនបានប្រកាន់រាល់ចំណុចទាំងអស់ខាងលើនេះឡើយ ផ្ទុយទៅវិញលោកបានតាំងចិត្តថា លោកច្រៀង នឹងសម្តែង ដើម្បីចែករំលែកការស្រលាញ់ដល់កូនខ្មែរគ្រប់រូប ។
លោកបញ្ជាក់ថា លោកច្រៀង នឹងសម្តែង ចេញពីបេះដូង ព្រោះតែមានអ្នកស្រលាញ់ នឹងចូលចិត្តលោក ក្នុងពេលដែលការចូលចិត្តការគាំទ្រ ស្នាមញញឹមរបស់អ្នកទាំងអស់គ្នា ជាកជាកម្លាំងចិត្តសម្រាប់លោកបន្តរនៅក្នុងវិស័យចំរៀងមួយនេះទៀត។

ជាការកត់សម្គាល់ ក្រោយបាត់វត្តមានពីអាជីពជាតារាចម្រៀងអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពូ ឃ្លាំង ទើបតែបានសម្រេចវិលមកចាប់ក្បាលមេក្រូច្រៀងនៅលើឆាកតន្ត្រីជាថ្មីឡើងវិញ។
ទោះជាយ៉ាងណាបើទោះជាបីជាលោកបានបាត់វត្តមានមួយរយះក្តី ប៉ុន្តែការវិកត្រឡប់របស់លោកនាពេលនេះ គឺនៅតែមានគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនដដែល។
តារាចម្រៀងរូបនេះតែងតែបង្ហាញវត្តមាន ច្រៀងនៅលើឆាកតន្ត្រីធំៗជាបន្តបន្ទាប់ ដោយនៅក្នុងនោះបទចម្រៀងរបស់លោក ក៏ទទួលបានការគាំទ្រច្រើនពីប្រិយមិត្តអ្នកស្តាប់ផងដែរ៕ រក្សាសិទ្ធដោយ ៖ សំណាង SV








