យោងតាមព័ត៌មានដែលចុះផ្សាយដោយគេហទំព័រម៉ាឡេស៊ីមួយ ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅពេលដែលក្រុមគ្រួសារមួយកំពុងធ្វើដំណើរពីរដ្ឋ Kelantan ទៅកាន់ Bentong រដ្ឋ Selangor បន្ទាប់ពីបានទៅលេងសាច់ញាតិក្នុងឱកាសពិធីបុណ្យរ៉ាយ៉ា។ ពួកគេបានជិះរថយន្ត២ផ្សេងគ្នា ដោយបុរសជាកូនច្បងឈ្មោះ Syafiq បាននិយាយថា គាត់បើកឡានដឹកប្រពន្ធ និងប្អូនប្រុស២នាក់ ខណៈឪពុករបស់គាត់បានបើករថយន្តមួយគ្រឿងទៀត ដឹកម្តាយ និងប្អូនស្រីពីរនាក់ទៀត។
លោក Syafiq បាននិយាយថា «ពួកយើងបានបើកបរជិតគ្នា ប៉ុន្តែបានបែកគ្នា នៅពេលមានចរាចរណ៍ខ្លាំង នៅជិតផ្លូវ Bentong។ បន្ទាប់មក ខ្ញុំក៏បន្តបើកឡាន ហើយបានឲ្យប្អូនប្រុសទូរស័ព្ទទៅឪពុករបស់ខ្ញុំ ប៉ុន្តែគ្មានអ្នកណាឆ្លើយតបទេ។ ខ្ញុំបានបើកឡានយឺតៗ រហូតដល់ខ្ញុំទៅដល់ Gombak R&R ហើយពេលនោះ ស្រាប់តែប៉ារបស់ខ្ញុំបានទូរស័ព្ទមកប្រាប់ថា ពួកគេទាំងអស់បានដួលសន្លប់ ហើយត្រូវបានគេនាំមកមន្ទីរពេទ្យ Bentong ដូច្នេះយើងក៏ត្រលប់មកវិញ ហើយប្រញាប់ទៅកាន់ទីនោះ»។
យោងតាមលោក Syafiq ក្នុងអំឡុងពេលកើតហេតុ ប្អូនស្រីទាំងពីររបស់គាត់ បានដេកលក់ ខណៈដែលម្តាយរបស់គាត់កំពុងត្អូញត្អែរថាក្តៅនៅក្នុងឡាន។ ពេលនោះឪពុករបស់គាត់បានធុំក្លិនឧស្ម័នដូចជាក្លិនហ្គាស ដូច្នេះហើយគាត់បានរមូរបង្អួចចុះភ្លាមៗ។
លោក Syafiq បានពន្យល់ថា «ឪពុករបស់ខ្ញុំបាននិយាយ បន្ទាប់ពីធុំក្លិនចម្លែក ភ្នែករបស់គាត់ចាប់ផ្តើមធ្ងន់ ហើយបាត់បង់ស្មារតី។ គាត់បានសុំម្តាយខ្ញុំបើកឡានជំនួស បន្ទាប់ពីឆ្លងកាត់កន្លែងគិតលុយ ប៉ុន្តែម៉ាក់នៅស្ងៀម ហើយនោះជាពេលដែលប៉ាដួលសន្លប់។ បន្ទាប់មក ប៉ារបស់ខ្ញុំបានភ្ញាក់ដឹងខ្លួនឃើញថាមានគេសង្កត់ដើមទ្រូង ប៉ុន្តែគាត់មិនយល់ច្បាស់ថាមានអ្វីកើតឡើងនោះទេ»។
លោក Syafiq ក៏បានបញ្ជាក់ឲ្យដឹងថា នៅពេលដែលឪពុករបស់លោកបាត់បង់ស្មារតី រថយន្តបានបុកផ្ទប់ទៅនឹងក្បាលពុះចែកទ្រូងផ្លូវនៃកន្លែងគិតលុយ។ ហើយដោយសារតែកញ្ចក់រថយន្តបានបើក ពួកគេបានទទួលជំនួយពីអ្នកដែលមានវត្តមាននៅទីនោះយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះ Syafiq ក៏បានណែនាំថា «នេះជាសាររបស់ខ្ញុំ ចំពោះអ្នកដែលនៅក្នុងឡាន ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល ឧទាហរណ៍ វិលមុខ ឬមិនស្រួលខ្លួន ឬចង់ក្អួត សូមប្រញាប់ប្រាប់អ្នកបើកបរឱ្យដឹង កុំនៅស្ងៀម ដើម្បីអោយអ្នកបើកបរដឹងពីអ្វីដែលកំពុងកើតឡើង។ បើកបរដោយប្រុងប្រយ័ត្ន ហើយអាចព្រះការពារយើងទាំងអស់គ្នាផងដែរ»។
ទាក់ទងករណីនេះ គេជឿថាប្រព័ន្ធម៉ាស៊ីនត្រជាក់របស់រថយន្តមានកំហុស ដូច្នេះពួកគេត្រូវបានបាត់បង់អុកស៊ីហ្សែន និងបូករួមក្លិនស្អុយនៃហ្គាសលេចធ្លាយ ដែលបណ្តាលឱ្យមនុស្សគ្រប់គ្នានៅក្នុងរថយន្តដួលសន្លប់បែបនេះ។ ហើយប្រសិនបើឪពុករបស់ Syafiq មិនបានរមូរបង្អួចទ្វាររថយន្តចុះទេ វាពិតជាពិបាកសម្រាប់គ្រួសាររបស់គាត់ក្នុងការសង្គ្រោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង