ឧត្តរមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា កម្លាំងជំនាញនគរបាលខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួន ម្ចាស់ផ្ទះទាំង២នាក់ រួមនឹងវត្ថុតាងគ្រឿងញៀន ក្នុងគុម្ពស្លឹកគ្រៃ យកទៅសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២០និង២៦នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ និងកម្លាំប៉ុស្តិ៍រដ្ឋបាលទំនប់ដាច់ ចំនួន ១៣ នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន ៦ នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ ដាំ យិន នាយរងការិយាល័ប្រឆាំងគ្រឿងញៀន បានចុះឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ស៊ឺ សុគុន្ធា ភេទស្រី អាយុ ២៩ ឆ្នាំ នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងឈ្មោះ ឡេង នី ភេទស្រី អាយុ ៤៥ ឆ្នាំ ត្រូវជាម្ដាយមីង ក្នុងប្រតិបត្តិការឆែកឆេរនេះ សមត្ថកិច្ចយើងរកឃើញថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន ៤ កញ្ចប់ធំ ដែលជនសង្ស័យបានលាក់ទុកក្នុងគុមស្លឹកគ្រៃចំងាយពីផ្ទះ១០ម៉ែត្រ៕ ដោយ ៖ បញ្ញាស័ក្តិ