Tuesday, January 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​បុណ្យ រុក្ខ​ទិវា នៅ​ខេត្ត​កំពត​

​កំពត ​៖ នា​វេលា​ព្រឹក​ថ្ងៃ​ចន្ទ ទី ៩ ខែកក្កដា ឆ្នាំ​២០១៨ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​បុណ្យ ” រុក្ខ​ទិវា ” ប្រារព្ធ​ឡើង​នៅលើ​ផ្ទៃដី​ជាង ៥០ ហិកតា ស្ថិត​ក្នុង​ស្ថានីយ​ដាំ​កូន​ឈើ​ថ្ម​រូង ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​មាន​ការចូលរួម​អម​ដង្ហែរ ដោយ​បណ្តា​ឥស្សរជន ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល បណ្តា​អង្គទូត​នានា និង​បងប្អូន​ប្រជានុរាស្ត្រ​យ៉ាងច្រើន​កុះករ ។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង មាន​ព្រះរាជបន្ទូល​ថា ៣ ព្រៃឈើ​គឺជា​សរសៃឈាម ក្នុង​វិស័យ​កសិកម្ម​ជាតិ ជា​អាយុជីវិត​ប្រជាកសិករ និង​ជា​ខឿន​នៃ​សេដ្ឋកិច្ចជាតិ ដូច្នេះ​យើង​ត្រូវតែ​រួបរួម​គ្នា ថែរក្សា​ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​ឲ្យបាន​គ្រប់ៗ​គ្នា ”

​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​ព្រះរាជ​ពិធី​នោះ​ក៏​មាន​អញ្ជើញ​ចូលរួម​ផង​ដែរ ពី​សំណាក់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ព្រមទាំង​សមាជិក សមាជិកា​នៃ​ព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជា​សមាជិក​រាជ​រដ្ឋាភិបាល និង​លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​ភ្ញៀវ​កិត្តិយស​ជាតិ អន្ដរជាតិ និង​បងប្អូន​ជនរួមជាតិ​យ៉ាងច្រើន​កុះករ​។​

​សូមបញ្ជាក់​ថា ដើមឈើ​មាន​សារសំខាន់​ណាស់ ចំពោះ​ជីវិត មនុស្ស សត្វ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​។ វា​ផ្តល់​សារប្រយោជន៍​យ៉ាងច្រើន​ដូចជា ផ្តល់​មក​នូវ​ម្លប់ ផ្លែផ្កា អុស​សម្រាប់​ដុត ជា​ឈើ​សំណង់ ជា​ជម្រក​សត្វព្រៃ ជម្រក​មច្ឆា​ជាតិ ជារ​បាំង​ខ្យល់ របាំង​ទឹកជំនន់ និង​នាំមក​នូវ​ទឹកភ្លៀង​សំរាប់​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​មនុស្ស​លោក​។​

​បុណ្យ​រុក្ខទិវា​បាន​បង្កើតឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ និង​ការថែរក្សា​សម្បត្ដិ​ព្រៃឈើ​ជាតិ តែ​ពិធី​នេះ​បាន​អាក់ខាន​មួយរយៈ រហូតដល់​ឆ្នាំ​១៩៨៩ ទើប​ចាប់ផ្ដើម​ឡើង​វិញ ក្នុង​បំណង​បន្ដ​ប្រពៃណី​រុក្ខ​ទិវា និង​ស្ដារ​ព្រៃឈើ​ឡើងវិញ​។​

​បុណ្យ​រុក្ខទិវា​នេះ គឺជា​វប្បធម៌​ដ៏​ឧត្តម ដែល​ប្រជាជាតិ​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម និង​ធ្វើ​ឲ្យ​សកម្មភាព​នៃ​ទិវា​នេះ​មាន​ជា​រៀងរហូត​នៅក្នុង​សង្គមជាតិ​យើង ដែល​ធ្វើឲ្យ​តំបន់​ដី​ព្រៃ​រេ​ចរិល ដាំ​ដុះ​ដី​ព្រៃឈើ​ឡើងវិញ និង​ចូលរួម​ការពារ​ព្រៃឈើ​ដែល​មាន​ឲ្យ​គង់វង្ស​កាន់តែ​ប្រសើរ​ឡើង​។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ យើង​សង្កេតឃើញថា ទិវា​ដាំ​ដើមឈើ​នេះ មាន​ការចូលរួម​ពី​សំណាក់ មហាជន​ជាច្រើន ជា​ពិសេស​យុវជន​ដែល សសរទ្រូង​នេះ​ប្រទេសជាតិ ក្នុង​គោលបំណង ថែរក្សា ការពារ និង បណ្តុះ​គំនិត​ស្រឡាញ់ ព្រៃឈើ និង បរិស្ថាន​ធម្មជាតិ ដែល​កំពុងតែ​រក​ការ កាប់បំផ្លាញ ដែល​នាំឲ្យ​ឈាន​ទៅរ​កការបាត់បង់ បន្តិច​ម្តងៗ​។​

​ហេតុដូចនេះ​ហើយ យើងទាំងអស់គ្នា​ដែល​ជា អ្នក​ទទួល​ប្រយោជន៍ ពី​ដើមឈើ​នោះ គប្បី​ចូលរួម ដាំ ថែរក្សា ការពារ និង ស្រឡាញ់ ព្រៃឈើ និង បរិស្ថាន​ធម្មជាតិ ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជា​ប្រយោជន៏ ដល់​ខ្លូន​យើង​ផ្ទាល់ ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ និង ប្រពន្ធ​ជីវៈចម្រុះ ផងដែរ​៕​ ​ដោយ​៖​កូឡាប​

    

×