រឿងរ៉ាវបណ្តាញក្រុមហ៊ុនកម្ចីចិន ជាពិសេសកម្ចីតាម Online ដោយពុំដឹងថាមានអាជ្ញាបណ្ណច្បាប់ទម្លាប់ត្រឹមត្រូវ ឬយ៉ាងណា ជឿថាបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានដឹងរួចហើយ ដោយពួកគេបានប្រើវិធីសាស្រ្តល្បួង ឲ្យអ្នកកម្ចីលង់ខ្លួន រួចចាប់ផ្តើមធ្វើការឡុកអុក គំរាមកំហែងផ្សេងៗ នៅពេលដែលយើងមិនអាចលៃលកសងលុយ ទៅតាមការកំណត់របស់ពួកគេ ព្រោះតែ «ការប្រាក់» ស្រេចតែទៅលើមាត់របស់ពួកគេ ពោលគឺធ្វើឡើងបែបលក្ខណៈជំរិតតែម្តង។
ទាក់ទងនឹងរឿងនេះ ក៏សូមរំលឹកឲ្យដឹងផងដែរថា កាលពីអំឡុងឆ្នាំ២០១៨ ស្រ្តីម្នាក់បានចេញវីដេអូរៀបរាប់ទាំងអួលដើមក ដោយប្រាប់ថា នាងបានលង់ខ្លួននឹងក្រុមហ៊ុនកម្ចីចិនជាបន្តបន្ទាប់ រហូតធ្វើឲ្យឡើងការប្រាក់ទាំងដើម រហូតដល់ជាង ៩ ម៉ឺនដុល្លារ ហើយត្រូវបានក្រុមហ៊ុនជនជាតិចិនដែលផ្តល់កម្ចីប្រាក់ទាំងនោះ គំរាមសម្លាប់នាងថែមទៀត ប្រសិនបើមិនប្រគល់លុយទាំងការ ទាំងដើម ទៅតាមកាលបរិច្ចាទកំណត់។

ស្ត្រីរងគ្រោះរូបនោះ បានរៀបរាប់ឲ្យដឹងថា ដោយសារតែនាងកំពុងខ្វះខាតលុយការរកស៊ីខ្លាំង នៅថ្ងៃមួយក៏មានខាងក្រុមហ៊ុនប្រាក់កម្ចីចិន បានខលមកនាង ហើយប្រាប់ថា ការប្រាក់ធូរថ្លៃ និយាយរួមទៅ គឺមានការងាយស្រួលមែនទែន ។ ដោយលឺបែបនេះ នាងក៏ចាប់អារម្មណ៍ និងធ្វើការណាត់ជួបពួកគេ នៅកន្លែងហាងកាហ្វេស្ងាត់ និងពុំដឹងថាពួកគេប្រើ «មនោគម» អ្វីនោះទេ បានធ្វើឲ្យនាង «លង់ខ្លួន» យកលុយពីពួកគេអស់ ២០០០ ដុល្លារ ជាមួយការប្រាក់ជាង ៣០០០ ដុល្លារ ទុកឲ្យរយៈពេលត្រឹម១សប្តាហ៍។
ស្ត្រីរូបនោះបានបន្តថា ដោយសារភ័យខ្លាចនឹងការកំណត់សងលុយទាំងការទាំងដើមរបស់ក្រុមហ៊ុនកម្ចីចិននោះ នាងពិតជាអស់សង្ឃឹមជាខ្លាំង ព្រោះពុំដឹងថានឹងត្រូវទៅពឹងអ្នកណា ខណៈដែលគ្រួសារក៏ពុំឲ្យដឹងរឿងនេះ។ ប៉ុន្តែ ស្របពេលនោះ ក៏មានក្រុមហ៊ុនកម្ចីផ្សេងមួយទៀតបានមករកនាង (ហាក់ដូចដឹងនាងកំពុងជួបទុក្ខអ៊ីចឹង) ក៏បានធ្វើឲ្យនាងលង់ខ្លួនយកលុយអស់ ៣០០០ ដុល្លារ និងការប្រាក់រហូតដល់ ៥០០០ ដុល្លារ (កំណត់រយៈពេល១សប្តាហ៍ និងពន្យារពេលឲ្យត្រឹម១០ថ្ងៃ) ។ ពុំត្រឹមតែប៉ុណ្ណឹងទេ ខណៈពេលនាងជាមនុស្សម្នាក់ពុំមានស្មារតីក្នុងខ្លួនផង នាងក៏នៅបន្តលង់ខ្លួនជាមួយក្រុមហ៊ុនកម្ចីផ្សេងៗទៀតហាក់ដូចបក្ខពួកតែមួយ សរុបប្រហែល ៧, ៨ ក្រុមហ៊ុន ដែលធ្វើឲ្យនាងត្រូវបង្ខំចិត្តយកសរុបចំនួន ៩៧០០០ ដុល្លារ ទៅសងពួកគេ ហើយសងពុំទាន់រួចទៀត ដែលធ្វើឲ្យនាងសឹងពុំចង់រស់នៅលើផែនដីតតទៅទៀតនោះទេ។
តាមរយៈការចេញវីដេអូនៅពេលនោះផងដែរ នាងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទោះបីខ្វះលុយកាក់រកស៊ីយ៉ាងណា ដាច់ខាតកុំខ្ចីលុយឥណទានក្រុមហ៊ុនចិនទាំងនោះឲ្យសោះ ជាពិសេសអ្នកដែលដើរចែកនាមកាតនៅតាមផ្ទះ ហើយនិងផេកនៅលើហ្វេប៊ុកដែលពួកគេផុសថា «កម្ចីប្រាក់អត់ត្រូវការវត្ថុបញ្ចាំអ្វីទាំងអស់» ព្រោះថា ការប្រាក់ គឺខុសពីមាត់របស់ពួកគេ ដែលបានផុសនៅលើហ្វេសប៊ុក និងការនិយាយទូរស័ព្ទជាមួយយើង។ នាងនៅបានទទួចថា ក្រុមហ៊ុនចិនទាំងនោះ ថ្វីបើឈ្មោះខុសគ្នាមែន ប៉ុន្តែ គឺជាក្រុមតែមួយប៉ុណ្ណោះ។
ដោយឡែក ថ្មីៗនេះ នៅលើបណ្តាញសង្គម បានកំពុងចែករំលែកយ៉ាងផុសផុលទៀតហើយ ទាក់ទងករណីស្រ្តីម្នាក់ ក៏បានលង់ខ្លួនទៅនឹងក្រុមកម្ចីមួយនោះ ដែលមិនខុសគ្នាទៅនឹងស្រ្តីរងគ្រោះខាងលើនោះទេ ហើយជាលទ្ធផល ពួកគេបានចាក់សោផ្ទះរបស់នាងពីខាងក្រៅ និងថែមទាំងបិទរូបថតរបស់នាង ជាមួយពាក្យជេរប្រមាថឲ្យសងលុយ និងគំរាមចាប់ដាក់គុកទៀតផង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Nirath leng បានរៀបរាប់ទាំងទឹកភ្នែកថា៖ «ពេលនេះខ្ញុំមានបញ្ហាធ្ងន់ធ្ងរ ដើមហេតុដោយសារខ្ញុំខ្វះលុយបង្វិល ចៃដន្យឃើញគេទាក់ទងមកតាមតេឡេក្រាមថាគេខាងក្រុមហ៊ុនប្រាក់កម្ចី គេសុំមកជួបនៅផ្ទះ ពេលបានជួបគេដាក់ស្នើអោយ 3000$ ប៉ុន្តែលុយដែលទទួលបានដល់ដៃចំនួន 1150$ គេបង្គាប់អោយបង់វិញមួយថ្ងៃ 500$ រយ:ពេល6ថ្ងៃ ប៉ុន្តែគេមានកាត់មុន ហើយកក់មួយថ្ងៃ និងតំកល់មួយថ្ងៃ ចឹងខ្ញុំត្រូវបង់តែបីថ្ងៃទេ ដំបូងឡើយខ្ញុំប្រកែកថាថ្លៃ ណាមួយបង់ប្រចាំថ្ងៃច្រើន ខ្លាចទៅមិនរួច ប៉ុន្តែគេថា បង់អោយផុតរយៈពេលដំបូងហ្នឹងទៅ លើកក្រោយអាចយកជាខែបាន លុយច្រើននិងការប្រាក់ទាប បង់ប្រចាំខែធូរ ខ្ញុំលឺបែបហ្នឹងក៏សម្រេចចិត្តយក ដល់ស្អែកឡើងត្រូវដល់ថ្ងៃបង់លុយ 500$ ខ្ញុំសុំគេយឺត ព្រោះប្រមូលលុយអីវ៉ាន់ពីភ្ញៀវមិនទាន់គ្រប់ ស្រាប់តែគេខឹងរករឿងហើយជេរ គម្រាមចាប់ដាក់គុក ខ្ញុំភ័យស្អែកឡើងក៏រត់ទៅរកប៉ូលិសប៉ុស្តិ៍ជួយ ដោយប្រាប់រឿងហេតុទៅប៉ូលិស តែមិនមែនទៅប្ដឹងទេ គ្រាន់តែទៅសុំអោយជួយ ប៉ុន្តែមិនទាន់ចូលផ្ទះវិញផង អ្នកជិតខាងឆាតប្រាប់ថា គេយកមេសោមកចាក់សោផ្ទះខ្ញុំពីខាងក្រៅ និងបិតរូប ហើយខ្ញុំខ្លាចក៏មិនហ៊ានចូលផ្ទះមិនបានរកស៊ីអីកើតខ្លាចគេមកធ្វើបាប ហើយក្រោយមកទៀតគេក៏ផុសក្នុងហ្វេសប៊ុកជេហែកហួហើយចូលគ្រប់ comment លើផុសរបស់ខ្ញុំ រហូតធ្វើអោយភ្ញៀវដែលកម្មង់អីវ៉ាន់សម្រុកមកទារលុយពីខ្ញុំវិញ ហើយពេលនេះខ្ញុំរកស៊ីអីមិនកើត អត់លុយសងអ្នកផ្សេងដែលខ្ញុំចងការគេតាំងពីមុនៗមក ព្រោះមិនបានរកស៊ីអីអត់មានចំណូល ពេលនេះសូម្បីលុយទិញបាយអោយកូនហូបក៏គ្មានដែរ ខ្ញុំមានតែពីរនាក់កូន មិនដឹងទៅរកអ្នកណាអោយជួយ ខ្ញុំមានផ្ទះមួយកំពុងតែដាក់លក់យកលុយសងគេ ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំគ្មានលុយទិញអីអោយកូនហូបទេ រកការងារធ្វើក៏មិនទាន់បាន សូមបងជួយខ្ញុំផង»។
គួរបញ្ជាក់ថា ករណីកម្ចីចិននេះ ត្រូវបានគេជឿថា អាចមានប្រជាពលរដ្ឋជាច្រើន កំពុងលង់ខ្លួន។ ជាក់ស្តែង ប្រជាពលរដ្ឋម្នាក់ទៀត ដែលបានខ្ចីលុយពីក្រុមហ៊ុនកម្ចីចិនមួយផងដែរ បានប្រាប់ថា គាត់បានខ្ចីលុយ 3000$ តែគេឲ្យតែ 1500$ ទេ ដោយ 1500$ ទៀត គេថា ថ្លៃសេវារដ្ឋបាលផ្សេងៗ ហើយដល់ពេលទូទាត់សងវិញ គឺតម្លៃ 3000$ ដោយការប្រាក់ស្រេចតែលើមាត់ពួកគេ ពោលគឺបែបលក្ខណៈជំរិតតែម្តង ហើយនៅពេលដែលយើងយឺតយ៉ាវក្នុងការសង គឺពួកគេចាប់ផ្តើមមកអុកឡុកកន្លែងរកស៊ីរបស់យើង ដូចជាសរសេរលើជញ្ជាំងផ្ទះ «សងលុយ $» ជាដើម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





