ដូចពាក្យចាស់ថាមិនខុសមែន មនុស្សមិនអាចវាយតម្លៃតែសំបកក្រៅបានទេ ជូនកាល មនុស្សខ្លះស្លៀកពាក់ស្អាតបាត ហំហួនណាស់ តែមិនប្រាកដថា ជាមនុស្សល្អនោះទេ។ តួយ៉ាងណា ដូចបុរសម្នាក់នេះជាដើម ស្លៀកពាក់យ៉ាងឡូយ តែមិននឹកស្មានថាជាចោរសោះឡើយ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Tek Hy បានបញ្ចេញវីដេអូ បង្ហាញចោររូបរាងសង្ហារម្នាក់មុន និងក្រោយ ពេលចូលមកបន្លំលួចទូរស័ព្ទបុគ្គលិករបស់គាត់ នៅក្នុងហាង ដោយបានរៀបរាប់ទាំងក្តៅចិត្តថា៖ «អាចោរមុខស្រស់ ចំណាំមុខវាឲ្យហើយ វាបានលួចទូរស័ព្ទបុគ្កលិកខ្ញុំមុននឹងបន្ទិច វាបន្លំធ្វើជាទិញឥវ៉ាន់ ហើយឆ្លៀតពេលបុគ្គលិកខ្ញុំចេញទៅដូរលុយអាប់វាក៏លួចយកទៅ មើលមុខវាឲ្យហើយទៅ ស្លៀកពាក់ស្អាតបាតណាស់ តែជាចោរ , ជួយស៊ែរផង ដើម្បីឲ្យម្ចាស់ហាងផ្សេងទៀតស្គាល់មុខវា វាចំណាំកុំឲ្យវាចូលហាង»។
ជាក់ស្តែង តាមរយៈវីដេអូកាមេរ៉ាហាង បានបង្ហាញឲ្យឃើញបុរសជាចោររូបនោះ បានកំពុងពាក់អាវក្រណាត់កាត់ពណ៌សដៃវែង ដែលបានជ្រើសរើសរួច និងបន្ទាប់មក ក៏នៅឈររ៉េរ៉កន្លែងតុខាងក្នុង ដោយធ្វើជារកមើលរបស់ផ្សេងៗទៀត ប៉ុន្តែ ឆ្លៀតឱកាសនៅពេលដែលបុគ្គលិកស្រីម្នាក់ បានចេញទៅខាងក្រៅរវល់លក់ដូរជាមួយអតិថិជនដទៃ ស្រាប់តែបុរសនេះ លូកដៃយកទូរស័ព្ទ១គ្រឿងទុកចោលនៅលើតុនោះ ដាក់ចូលក្នុងហោប៉ៅយ៉ាងលឿន រួចដើរចាកចេញទៅខាងក្រៅភ្លាមៗតែម្តង។
សូមបញ្ជាក់ថា ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅហាងស្បែកជើង និងសម្លៀកបំពាក់ទំនើបមួយកន្លែង នៅខណ្ឌប្ញស្សីកែវ រាជធានីក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






