សៀមរាប៖ នាព្រឹកថ្ងៃសុក្រ ទី២៨ មេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍សម្ពោធកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី (Sustainable Infrastructure Programme in Asia) រួមជាមួយលោកបណ្ឌិត Young Tae Kim អគ្គលេខាធិការ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum – ITF) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ លោក លោកស្រីតំណាងប្រទេសជាសមាជិក ITF និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ៦០រូប ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែល អង្គរ ភូគីត្រា។

ព្រឹត្តិការណ៍សម្ពោធកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី នាឱកាសនេះ ប្រារព្ធឡើងក្រោមប្រធានបទ “ការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់ភូមិភាគអាស៊ីអាគ្នេយ៍” (Enhancing Regional Freight Connectivity for South East Asia)។ ព្រឹត្តិការណ៍នេះ នឹងបង្ហាញដល់អ្នកចូលរួមនូវទិដ្ឋភាពទូទៅនៃទីផ្សារដឹកជញ្ជូនទំនិញក្នុងតំបន់ នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលលើ ទិដ្ឋភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញបច្ចុប្បន្ន ក្របខ័ណ្ឌគោលនយោបាយ បែបផែននៃការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម។ លើសពីនេះ អ្នកចូលរួមក៏អាចធ្វើការស្វែងយល់អំពីផែនការយុទ្ធសាស្ត្រដឹកជញ្ជូនជាតិ និងតំបន់ ដែលមានស្រាប់ ក៏ដូចជាគំនិតផ្តួចផ្តើមលើកកម្ពស់ការតភ្ជាប់អន្តរជាតិផងដែរ។

ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធីនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលក្នុងនោះមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន ១៥០ ត្រូវបានដាក់បញ្ចូល ដោយត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក។

ជម្រាបបន្ថែមទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ក៏ដូចជាការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ ទី២ និងទី៣ ដែលនឹងត្រូវប្រកាសបើកការដ្ឋានជាផ្លូវការនាថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ គម្រោងពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុនេះ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ហើយរំពឹងថានឹងមានសមត្ថភាពអាចទទួលការផ្ទេរផ្ទុកទំនិញអឺរ៉ុបបានដល់៩០%។

គម្រោងសិក្សាសមិទ្ធិលទ្ធភាពត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅថ្ងៃទី០៧ មិថុនា ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ខែឧសភា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ ហើយបច្ចុន្ននេះមានគម្រោងផ្លូវថ្នល់ជាច្រើន បាននិងកំពុងធ្វើឱ្យប្រសើរឡើង។

សូមជម្រាបដែរថា៖ ប្រទេសកម្ពុជាគឺជាប្រទេសដំបូងគេ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលបានចូលរួមជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum – ITF) ក្នុងឆ្នាំ២០២២។ ក្នុងនាមសមាជិក យើងអាចចូលរួមចំណែកចែករំលែក និងរៀនសូត្រពីបណ្ដាសមាជិកប្រទេសអភិវឌ្ឍន៍ នូវបទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីកែលម្អប្រព័ន្ធភ័ស្ដុភារកម្ម និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






