មហាជនបានសម្តែងការហួសចិត្ត និងមិនយល់នោះទេ នៅពេលដែលបានឃើញលោកមេឃុំ និងនគរបាលប៉ុស្តិ៍៣នាក់ បានមករេរាំងប្រជាពលរដ្ឋ ឲ្យផ្អាកការធ្វើរបងនៅលើដីកម្មសិទ្ធិរបស់ខ្លួន ដែលមានប្លង់ត្រឹមត្រូវ។
ពលរដ្ឋជាម្ចាស់ដី បាននិយាយថា គាត់ឲ្យលោកមេឃុំ និងមន្រ្តីផ្នែកពាក់ព័ន្ធដទៃ មកពិនិត្យមើលទាក់ទងគម្រោងធ្វើរបងរបស់គាត់ ប៉ុន្តែ គាត់ថា ឲ្យដោះស្រាយតាំងពីថ្ងៃទី២០… រហូតដល់ថ្ងៃទី១៦ ខែមីនា និងឈានដល់ថ្ងៃទី ២៧- ២៨ ខែមេសា ឆ្នាំ២០២៣ នេះក៏មិនរវល់ធ្វើការដោះស្រាយឲ្យទៀត ហើយនៅពេលគាត់ចាប់ផ្តើមធ្វើរបង ស្រាប់តែលោកមេឃុំ និងនគរបាលប៉ុស្តិ៍ នៅភូមិព្រៃស្នួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មករេរាំង ហាមមិនឲ្យជាងបន្តធ្វើទៀតឡើយ ពុំនោះទេនឹងដករបងចោលទាំងអស់។
ម្ចាស់ដីក៏បានឲ្យដឹងថា ដីរបស់គាត់ទិញមានប្លង់ត្រឹមត្រូវ ហើយគាត់ធ្វើរបងនេះ ពុំបានរំលោភលើភ្លឺស្រែពីមុននោះដែរ គឺមានតែ «បង្ខិតចូល» ក្នុងប្លង់ដីរបស់ខ្លួនជិតកន្លះម៉ែត្រទៀតផង ដើម្បីទុកឲ្យមានផ្លូវទូលាយស្រួលដើរទាំងអស់គ្នា។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺនៅពេលដែលជាមេឃុំរូបនេះថា ខ្លួនបានចេញដីការ ស្រាប់តែម្ចាស់ដីសួរទៅវិញផាំងៗថា ដីការស្អីគេ! តើខុសត្រង់ណា? បើគាត់ធ្វើរបងនៅលើដីរបស់គាត់សោះហ្នឹង!។ លើសពីនេះ មេឃុំរូបនោះ បែរជាបាននិយាយថា ម្ចាស់ដីធ្វើប៉ះពាល់ផ្លូវដើរ ហើយថា ប្រជាពលរដ្ឋ២៥នាក់ បានប្តឹង ប៉ុន្តែ នៅពេលម្ចាស់ដីចង្អុលឲ្យឃើញរបងថ្មធ្វើបង្ខិតចូលក្នុងប្លង់ជិតកន្លះម៉ែត្រ មិនប៉ះពាល់ផ្លូវដើរស្អីផង ពោលគឺផ្លូវដើរនៅតែផ្លូវដើរដដែល និងឲ្យហៅប្រជាពលរដ្ឋដែលប្តឹង ចេញមុខមកតវ៉ា ស្រាប់តែស្ងាត់មាត់។
មិនត្រឹមតែប៉ុណ្ណឹង ម្ចាស់ដីដែលខ្លាំងដែរ ថែមទាំងដាក់ឲ្យផាំងៗរកតបមិនចេញថា បើគាត់ធ្វើឲ្យប៉ះពាល់ផ្លូវដើរ សូមឲ្យប្រជាពលរដ្ឋ ចេញមុខមកប្តឹងគាត់មក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ មិនមែនលោកមេឃុំ មកចេញមុខធ្វើរបៀបនេះនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









