រឿងសំរាម បើទោះជាមានការផ្សព្វផ្សាយអប់រំទូលំទូលាយយ៉ាងណា គឺនៅតែជាបញ្ហាដដែល នោះក៏ដោយសារតែមនុស្សខ្វះការគិតគូរ ការយល់ដឹង ពោលគឺមិនខ្វល់ពីផលប៉ះពាល់ដល់បរិស្ថានតែម្តង។
ជាក់ស្តែង ដូចករណីនេះ គឺពិតជាគួរឲ្យហួសថ្លែងខ្លាំងណាស់ នៅពេលដែលបានឃើញសំរាម ត្រូវបានចោលរាយប៉ាយពាសវាលពាសកាល និងជាពិសេសប្រឡាយទឹកគ្របដណ្តប់ទៅដោយសំរាម ដោយសារតែហ្វូងមនុស្សទៅលេងកម្សាន្ត បុណ្យបញ្ចុះខណ្ឌសីមា នៅវត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានបញ្ចប់កាលពីកន្លងទៅថ្មីៗនេះ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ អប្សា រា បានបង្ហោះរូបភាពដ៏មិននឹកស្មាន រៀបរាប់ទាំងហួសចិត្តថា៖ «ប្រឡាយតាមដងផ្លូវ ខាងត្បូងភូមិខ្ចាស់ និងខាងលិចជាប់ វត្តប្រាសាទស្រះកណ្តាលខ្ចាស់ ត្រូវបានគ្របដណ្តប់ដោយសំរាម។ បើអ្នកមានការគិតពីបរិស្ថានតែបន្តិច នោះមិនមានរូបភាពបែបនេះទេ។ សូមបងប្អូន អ្នកលក់ដូរ ឬអ្នកទៅបុណ្យ និងកំសាន្ត មានការវេចខ្ចប់អាហារ ដែលមានកែវជ័រ ឬចានស្នោរ ក្រោយហូបរួច គួរច្រកមកចោលកន្លែងដែលមានធុងសំរាមផង ចាប់ផ្តើមទាំងអស់គ្នា ទៅសន្សំបុណ្យ កុំសន្សំបាប»។
តែយ៉ាងណា ទាក់ទងបញ្ហានេះ គេក៏បានស្តីបន្ទោសទៅអាជ្ញាធរដែនដីទីនោះថា ខ្វះការគិតគូរ ដាក់ពង្រាយធុងសំរាម និងក៏ដូចជាផ្សព្វផ្សាយពន្យល់ណែនាំអ្នកទៅលេងបុណ្យ ឲ្យវេចខ្ចប់ទុកដាក់ក្នុងសំរាមឲ្យបានត្រឹមត្រូវ ទើបជារូបភាពបែបនេះកើតឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង