ភ្នំពេញ៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ធ្វើឡើងក្រោមការអញ្ជើញជាអធិបតី ពីឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ៣ ចូលរួម ដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងកសិដ្ឋាន អាយ សេវេន រេនថ៍ (ខេមបូឌា) របស់ឧកញ៉ា ស្រី ចន្ធូរ លើការងារបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោយកទឹកដោះ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន ។

លោក ង៉ោ ប៊ុនថាន នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្មបានបញ្ជាក់ថា អង្គភាពនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មដែលត្រូវធ្វើការសហការជាមួយក្រុមហ៊ុន រួមមាន៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ មហាវិទ្យាល័យវេជ្ជសាស្ត្រសត្វ និងផ្នែកស្រាវជ្រាវ ខណៈនិស្សិតដែលបានបញ្ចប់ជំនាញបណ្តុះបណ្តាលកសិកម្មជិត៤០ឆ្នាំនេះ មានចំនួនប្រហែល១៥០០០នាក់ នៅទូទាំងប្រទេស ។

ចូលរួមចុះ MOUនោះដែរ ឧកញ៉ា ស្រី ចន្ធូរ នាយកប្រតិបត្តិក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) មានប្រសាសន៍ថា ជាបទពិសោធការបង្កាត់គោសិប្បនិម្មិត គឺគោ ០១ក្បាល អាចផលិតបាន៥០ក្បាលក្នុងមួយឆ្នាំ។

ឧកញ៉ា ស្រី ចន្ធូរ បន្តថា ការចងសម្ព័ន្ធភាពគ្នាជាមួយក្រសួងកសិកម្ម និងជួយឱ្យក្រុមហ៊ុនលោកពង្រឹងធនធានមនុស្សការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោ ឱ្យកាន់តែមានប្រសិទ្ធិភាព ដោយសារក្រុមហ៊ុនលោកបានយកបច្ចេកវិទ្យា និងច្ចេកទេសទំនើបៗ ពីប្រទេសមួយចំនួន ដូចជា ប្រទេសអូស្ត្រាលី ប្រេស៊ីល ប្រទេសអាមេរិក និងប្រទេសថៃជាដើម៕
