មានរឿងថ្មីមួយទៀតហើយ បានកំពុងបង្កឲ្យមានការភ្ញាក់ផ្អើល និងបង្កើតជាចម្ងល់យ៉ាងខ្លាំង ខណៈដែលពេលនេះ នៅលើបណ្តាញសង្គម បានកំពុងចែករំលែកពីករណីមានប៉ុស្តិ៍ជជុះ នៅទីវាលមួយកន្លែង កំពុងកាក់កបយ៉ាងខ្លាំងក្នុងមួយថ្ងៃៗ ដោយបានកាក់ឡានអ្នកដែលធ្វើដំណើរឆ្លងកាត់ផ្លូវលំមួយកន្លែង នៅខាងស្រុកកៀនស្វាយ តម្រូវឲ្យបង់លុយរហូតចំនួន ២ ម៉ឺនរៀល ទើបអាចឲ្យឆ្លងកាត់បាន។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ស៊ីម ទី បានបង្ហាញរូបភាព និងបញ្ជាក់ឲ្យដឹងថា គ្រាន់តែឡានបើកឆ្លងកាត់តាមផ្លូវលំមួយនេះ គឺមានប៉ុស្តិ៍អ្នកកាន់ច្រកត្រឹមត្រូវ កាក់ផ្លូវឲ្យបង់ចំនួន ២០០០០៛ នៅភូមិគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់តាមរយៈខមិន ឲ្យដឹងទៀតថា ប៉ុស្តិ៍ខ្ចុះដែលមានមនុស្សនៅជុំៗនៅទីនោះ មិនមែនលំៗនោះទេ ដោយបាននិងកំពុងធ្វើការស្ទាក់កាក់ឡាន យកលុយរាល់ថ្ងៃតែម្តង។
ហេតុដូច្នេះ សូមមន្រ្តីក្នុងមូលដ្ឋានចុះមើលផង ថាតើផ្លូវលំមួយខ្សែនេះ ជារបស់ឯកជន ឬជាផ្លូវរួមភូមិ សូមជួយបកស្រាយឲ្យប្រជាពលរដ្ឋបានដឹងផង កុំចាំតែថ្នាក់ដឹកនាំ មានប្រតិកម្មដូចករណីនៅខេត្តកែប ទើបបាននាំគ្នាឆ្លេរឆ្លានោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



