វីដេអូមួយ ដែលបង្ហាញសកម្មភាពបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន J&T មិនដឹងនៅខាងខ្មែរ ឬ ថៃ លើកបោះអ៊ីវ៉ាន់របស់អតិថិជន ដោយគ្មានការទទួលខុសត្រូវសូម្បីបន្តិច បានកំពុងបង្កការជជែកវែកញែកឡើងព្រោងព្រាត ខណៈអតិថិជនជាច្រើន ក៏បានបង្ហាញការពិតថា អ៊ីចឹងតើ បានអ៊ីវ៉ាន់របស់ពួកគេខ្ទេចអស់។
ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញបុគ្គលិកម្នាក់ បានលើកអ៊ីវ៉ាន់ចេញពីគូទឡាន បោះគ្រវែងទៅលើដី ដោយគ្មានខ្វល់ពីការបែកបាក់សោះឡើយ ខណៈមនុស្សស្រីម្នាក់ ក៏បានលើកបោះបន្ត។
បើស្តាប់បទចម្រៀង នោះគេសន្មត់ថា ករណីដ៏ហួសចិត្តបំផុតនេះ បានកើតឡើងនៅកន្លែងក្រុមហ៊ុនដឹកជញ្ជូន J&T នៅថៃ ខណៈប៉ុន្មានថ្ងៃមុននេះ គេក៏បានឃើញអ្នកលេងបណ្តាញសង្គមភូមា នាំគ្នាចែករំលែកវីដេអូនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានឃើញវីដេអូនេះ មហាជនជាច្រើន ជាពិសេសអ្នកផ្ញើ និងទទួលអ៊ីវ៉ាន់ បានចេញមកនិយាយព្រោងព្រាតថា «ចឹងតើបានឥវ៉ាន់មិនដែលបានល្អសោះ, ផ្ញើរអីវ៉ាន់ទៅមួយថ្ងៃមុនឡើងខ្ទិចវ៉ុល, ខ្ញុំផ្ញើរស្ករទៅស្វាយរៀង បែកធុងអស់,… ចុះ គេសរសេរហើយតើ បែកបាក់មិនទទួលខុសត្រូវ ដូច្នេះរាងបានដៃតិចហើយ ខ្ទេចអីខ្ទេចទៅ,…»។
តែបើទោះនៅខាងណាក៏ដោយ សំខាន់គឺឈ្មោះក្រុមហ៊ុន J&T យ៉ាងច្បាស់ ដូច្នេះ សូមលោកមេៗ តំណាងក្រុហ៊ុនពិនិត្យមើលផង ព្រោះវាជាកំហុសរបស់អស់លោកតែម្តង ដែលជាអ្នកគ្រប់គ្រងគេ ខណៈអតិថិជនក៏បានបញ្ចេញការពិត មិនមែនសំអាងតែពាក្យសរសេរ (បែកបាក់មិនទទួលខុសត្រូវឡើយ) ហើយបណ្តែតបណ្តោយឲ្យបុគ្គលិករបស់ខ្លួន បន្តធ្វើការងារបោះបោករបៀបនេះនោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង