ក្រុងប៉េកាំងសំណូមពរឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋត្រូវប្រយ័ត្នប្រយែងក្នុងការចុះផ្សាយព័ត៌មានពីលោកDonald Trump ក្នុងបរិបទដែលទំនាក់ទំនងពាណិ្ជកម្មអាមេរិក-ចិន កំពុងតឹងតែងខ្លាំងឡើង។
ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានរដ្ឋចិន Xi Jinping
តាម SCMP ឱ្យដឹងថា ប្រភពមិនបញ្ចេញឈ្មោះមួយបានប្រាប់ៈ «យើងខ្ញុំបានទទួលបទបញ្ជាមិនគប្បីប្រើប្រាស់ពាក្យ សម្ដីធ្ងន់ៗចំពោះគាត់(ប្រធានាធិបតីអាមេរិក Donald Trump)» នៅថ្ងៃទី៦ខែកក្កដា លោកTrump បានកំហិតពន្ធបន្ថែម២៥ភាគរយទៅលើមុខទំនិញដែលមានតម្លៃ៣៤ពាន់លានដុល្លាររបស់ចិន ។ក្រុងប៉េកាំងបានហៅទង្វើនេះថា «សង្គ្រាមពាណិជ្ជកម្មធំបំផុតក្នុងប្រវត្តិសាស្ដ្រសេដ្ឋកិច្ច»។ ចិនក៏បានអនុវត្តវិធានការតបតដូចគ្នា ហើយចោទប្រកាន់អាមេរិកបានបំពាននូវបទកំណត់របស់WTO។
ថ្វីត្បិតតែធ្វើការរិះគន់ដល់គោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋការTrump ក្ដី ប៉ុន្ដែមន្ដ្រីនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនមិនទម្លាក់កំហុសឱ្យប្រធានាធិបតីអាមេរិកនិងមន្ដ្រីរបស់គាត់ទេ។
ចំណែកភាគីអាមេរិកវិញ ប្រធានាធិបតីTrump ក៏គេចពីការរិះគន់ត្រង់ចំពោះប្រធានរដ្ឋចិនXi Jinping ។ លើសពីនេះទៀតលោកTrump ច្រើនសរសេរលើTwitter ថា រវាងពួកគេទាំងពីរ«ជានិច្ចកាលគឺជាមិត្តភក្ដិ ទោះបីប្រការអ្វីកើតឡើងក្នុងជម្លោះពាណិជ្ចកម្មក្ដី»៕
សូយន