ភ្នំពេញ ៖ ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រ ជូនគ្រូបុរាណខ្មែរ វគ្គ៨ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មន្ត្រីជាន់ ខ្ពស់សុខាភិបាល បានជំរុញដល់គ្រូឱសថបុរាណខ្មែរ ត្រូវលើកស្ទួយឱថសបុរាណ ឲ្យមានភាពល្អត្រឹមត្រូវឡើងវិញ ហើយអនុវត្ដទាំងអស់គ្នា ឲ្យត្រូវទៅតាមបទដ្ឋានគតិយុទ្ធ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីផ្ដល់នូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពឱសថបុរាណ ឲ្យកាន់តែប្រសើរឡើង សម្រាប់ព្យាបាលជូនប្រជាពលរដ្ឋ ។ “បើសិនជាអស់លោក ជាគ្រូបុរាណទាំងអស់ មិនខិតខំពង្រឹងចំណេះ ដឹង ដើម្បីបង្កើនសមត្ថភាពនោះទេ តើអ្នកណាដែលជាអ្នកធ្វើឲ្យយើងនោះ ដូចច្នេះត្រូវរួបរួមគ្នាស្ដារកេរ្ដិ៍ឈ្មោះឱសថបុរាណនេះ ឲ្យបានល្អបរិសុទ្ធឡើងវិញ ដោយផ្សំវត្ថុធាតុពិតប្រាកដ” លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌិន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បញ្ជាក់បន្ថែម។
លោកស្រីវេជ្ជបណ្ឌិតបន្ដថា សព្វថ្ងៃនេះបណ្ដាប្រទេសមួយចំនួន បានប្រើប្រាស់ថ្នាំឱសថបុរាណ កាន់តែមានចំនួនច្រើនទៅៗ ដូចជាប្រទេសចិន ដែលប្រជាពលរដ្ឋ ប្រើច្រើនរហូតដល់ទៅ ១ភាគ៥ នៃប្រព័ន្ធសុខាភិបាល ក្នុងនោះមានឱសថបុរាណជាង៥ពាន់មុខ ដែលគេរៀបចំសម្រាប់ប្រើប្រាស់ព្យាបាលប្រជាជនគេ ប្រកបដោយប្រសិទ្ធភាព ។ សូម្បីតែប្រទេស ជប៉ុន កូរ៉េ ថៃ វៀតណាម ក៏មានការរីកចម្រើនដែរ លើផ្នែកឱសថនេះ។ ហេតុនេះហើយ ក្រសួងសុខាភិបាល បានយកចិត្ដទុកដាក់លើបញ្ហាសុខភាពប្រជាពលរដ្ឋ ជាពិសេសរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលដឹកនាំដោយ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង តែងតែផ្ដល់ការណែនាំ និងអនុសាសន៍ល្អៗជាច្រើន ដើម្បីឲ្យយើងទាំងអស់គ្នាគិតគូរពីរឿងឱសថបុរាណទាំងនេះ ។លើសពីនេះទៅទៀត ក្រសួងក៏បានដាក់ចេញនូវបទ ដ្ឋានគតិយុទ្ធជាច្រើន សម្រាប់ធ្វើការត្រួតពិនិត្យឱសថបុរាណទាំងនេះ ដើម្បីទាញយកមកនូវគុណភាពខ្ពស់ក្នុងការព្យាបាលជំងឺ ។
លោកស្រីបន្ថែមថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីលើកស្ទួយវេជ្ជសាស្ដ្រឲ្យល្អត្រឹមត្រូវឡើងវិញ ហើយអនុវត្ដន៍ទាំងអស់គ្នា ឲ្យត្រូវទៅតាមបទដ្ឋានគតិយុត្ត និងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ វិទ្យាសាស្ដ្រកាន់តែរីកចម្រើនកាន់តែលឿន ដូច្នេះតែរួមគ្នាធ្វើយ៉ាងម៉េចផ្ដល់ទំនុកចិត្ដដល់ប្រជាពលរដ្ឋ គឺត្រូវមាននិតីវិធីនៃការព្យាបាល ក៏ដូចជា ការប្រើប្រាស់នូវឱសថបុរាណនេះ ធ្វើម៉េចឲ្យមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព ។
ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ ប្រធានមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្ដ្របុរាណ បានថ្លែងផងដែរថា ដើម្បីពង្រឹង និងពង្រីកនូវសមត្ថភាពគ្រូឱសថបុរាណសមាគម យើងនឹងបន្ដរៀបចំនូវការបណ្ដុះបណ្ដាលគ្រូបុរាណខ្មែរ ដោយមានការប្រលងត្រឹម ត្រូវ ទៅតាមវិជ្ជាជីវៈវេជ្ជសាស្ដ្របុរាណ ដើម្បីធានាបាននូវចំណេះដឹង ជំនាញ និងអាកប្បកិរិយាសមស្រប ក្នុងការផ្ដល់សេវាដែលមានគុណភាព ប្រសិទ្ធិភាព ប្រកបដោយភាពជឿជាក់ ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គ្រូបុរាណមានប្រមាណ៥០០នាក់ ដែលនៅសេសសល់ពីជំនាន់ ប៉ុល ពត តែទទួលបានវគ្គបណ្ដុះបណ្ដាល កាលនោះបានប្រហែល ២០នាក់ ក្រោយមកបានប្រហែលជាង៣០០នាក់ ហើយបានប្រមូលផ្ដុំគ្នាបង្កើតជាសមាគមគ្រូឱសថបុរាណ តាមរយៈសមាគមនេះ ត្រូវតែរួបរួមគ្នាដឹកនាំកិច្ចការឱសថបុរាណ ឲ្យដើរលើមាគ៌ាត្រឹមត្រូវ លុបបំបាត់នូវការកុហក និងផ្សព្វផ្សាយផ្ដេសផ្ដាសដែលនេះជាកត្ដានាំឲ្យប្រជាពលរដ្ឋ ដែលកន្លងមកធ្លាប់តែជឿជាក់ តែបែរជាអស់ជំនឿទៅវិញ៕ ដោយ ៖ បញ្ញាស័ក្តិ