នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចយ៉ាងខ្លាំង ដែលតារាកំពូលទើសលោក ម៉ៃ សុគន្ធ ត្រូវបានមហាជន ជាពិសេសហ្វេនហ្វេន ចាត់ទុកថា ជាមនុស្សកំពូលស៊យ និងចង្រៃលើលោក ព្រោះថា បើ ម៉ៃ សុគន្ធ ស៊ែរគាំទ្រកីឡាកររូបណា គឺបើមិនចាញ់ ក៏ស្មើនោះដែរ។
ជាក់ស្តែង ថ្មីៗនេះ តារាកំពូលទើសរូបនេះ បានធ្វើឲ្យហ្វេនៗសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយពីបាន «ស៊ែរ» ផុសមួយរបស់លោកអាចារ្យធំ ដែលបានសរសេរសរសើរ ទៅដល់កីឡាការិនី ខាន់ ចេសា របស់កម្ពុជា បន្ទាប់ពីបានយកឈ្នះ៣ប្រកួតជាប់គ្នា លើកីឡាការិនី សិង្ហបុរី វៀតណាម និងថៃ លើវិញ្ញាសាជូជីតស៊ូរួចមក។
ជាការពិតណាស់ គឺបន្ទាប់ពីលោក ម៉ៃ សុគន្ធ បានធ្វើការ «ស៊ែរ» ការកោតសរសើរមួយនេះ ស្រាប់តែកីឡាការិនីកម្ពុជា ជេស្តា ប្រកួតចាញ់កីឡាការិនីហ្វ៊ីលីពីន ដែលធ្វើឲ្យអ្នកគាំទ្រក្តៅចិត្តទៅនឹងលោក ម៉ៃ សុគន្ធ យ៉ាងខ្លាំង។
នៅក្នុងខមិន អ្នកលេងបណ្តាញសង្គម ជាពិសេសបណ្តាយុវវ័យ បាននាំគ្នាស្នើឲ្យលោក ម៉ៃ សុគន្ធ ផ្អាកបញ្ឈប់ការស៊ែរទៀតទៅ រង់ចាំការប្រកួតស៊ីហ្គេមចប់ ចាំស៊ែរ ឬហាមមិនឲ្យទៅមើលផ្ទាល់ដាច់ខាត ព្រោះលោកជាមនុស្សកំពូលចង្រៃណាស់។ ក្នុងនោះ ពួកគេបានបញ្ចេញមតិយ៉ាងដូច្នេះថា៖ «ពិតជាកំពូលស៊យឆ្លងភពមែន, ម្ចាស់ពានរង្វាន់ធំៗក៏ចាញ់ដែរ, បាល់ទាត់ថ្ងៃទី 7 ហ្នឹងដាច់ខាតអត់ឱ្យម៉ៃសុគន្ធទៅទេ, ជួបសយជួបចាញ់ជួបចង្រៃជួបងាប់ និយាយរួមមហាស៊យ, ឈប់បានឈប់សិនទៅបងម៉ៃសុគន្ធ ចាំចប់ការប្រកួត ចាំបងសែរ បារមីបងខ្ពស់ណាស់,…»។ រីឯអ្នកខ្លះទៀត ក៏បានឲ្យយោបល់ថា «បើបារមីកំពូលស៊យអញ្ចឹងមែននោះ សូមឲ្យលោក ម៉ៃ សុគន្ធ គាំទ្រអ្នកជិតខាងវិញទៅ ដើម្បីឲ្យចាញ់កម្ពុជាយើង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









