ពោធិ៍សាត់ ៖ ក្មេងប្រុសម្នាក់ បានយកដែកគោលដោតក្នុងព្រឺភ្លើង បណ្តាលឲ្យឆក់ស្លាប់ កាលពី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ខ្លួននៅចំណុចភូមិពិតត្រង់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ខណៈឪពុកម្តាយទៅផ្សារ ទុកកូនឲ្យនៅជាមួយជីដូនឯផ្ទះ ។
បើតាមការរៀបរាប់របស់ម្តាយក្មេងរងគ្រោះ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ បូ សាន អាយុ២ឆ្នាំ ត្រូវចន្តរភ្លើងឆក់ស្លាប់ ។ មុនពេលកើតហេតុ រូបគាត់បានឱ្យប្តីខ្លួនឌុកទៅផ្សារទិញម្ហូប និងអីវ៉ាន់មួយចំនួន ហើយបានទុកកូនឱ្យនៅជាមួយជីដូន។ លុះមកដល់ផ្ទះស្រាប់តែឮអ្នកស្រុកនិយាយប្រាប់ថា កូនរបស់គាត់ត្រូវចន្តរភ្លើងឆក់ស្លាប់បាត់បង់ជីវិត និងបានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ឃើញថា កុមារងគ្រោះស្លាប់ដោយរូបគេយកដែកគោលដោតរុនព្រីភ្លើង ទើបបណ្តាលឱ្យចរន្តអគ្គិសនីឆក់ស្លាប់បាត់បង់ជីវិតបែបនេះ ។
ករណីនេះសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានអំពាវឱ្យមាតា បិតាគ្រប់រូប មិនត្រូវធ្វេសប្រហែសទុកកូនតូចៗឱ្យនៅជាមួយជីដូន ជីតាមានវ័យជរា ឬឱ្យនៅជាមួយបងប្អូនតូចៗ និងទុកឱ្យតែម្នាក់ឯងនោះទេ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចក្នុងការថែទាំក្មេងតូចៗ ដែលជាកូនរបស់លោកអ្នក ដើម្បីជាសផុតពីការគ្រោះថ្នាក់ដូចក្មេងប្រុសរងគ្រោះខាងលើ ៕ ដោយ ៖ បញ្ញាស័ក្តិ