ដូចដែលប្រិយមិត្ត មហាជនបានឃើញរួចហើយ ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ ស្ថិតនៅឯពហុកីឡាដ្ឋានមរតកតេជោ ហើយនេះចាត់ទុកជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ មក។
តែយ៉ាងណាមិញ ក្រោយពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ត្រូវបានធ្វើឡើងយ៉ាងរលូន ឃើញថា ទទួលបានពាក្យកោតសរសើរយ៉ាងស្ងប់ស្ញែង ពីសំណាក់សាធារណជនទូទៅ និងក៏ដូចជាភ្ញៀវអន្តរជាតិផងដែរ ក្រោយពីបានឃើញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ជាពិសេសផ្នែកសិល្បៈប្រពៃណីខ្មែរ ដែលត្រូវបានរំលេចឡើង ដោយសារតែមានចូលរួមជួយជ្រោមជ្រែង លះបង់អស់ពីកម្លាំងកាយចិត្ត ពីលោកគ្រូ អ្នកគ្រូព្រឹទ្ធាចារ្យផ្នែកសិល្បៈដ៏មានទេពកោសល្យ ដើម្បីបង្ហាញស្នាដៃឲ្យពិភពលោកស្គាល់កាន់តែច្បាស់ ពីទឹកដីដ៏ស្រស់ត្រកាលមួយនេះ។
ជាក់ស្តែង ក្រោយកម្មពិធីបើកព្រឹត្តិការណ៍ទាំងមូល បានបញ្ចប់ដោយភាពជោគជ័យ និងមោទកភាពបំផុត អ្នកគ្រូព្រឹទ្ធាចារ្យសិល្បៈផ្នែកវប្បធម៌ និងក៏ដូចក្រុមការងារ បានដុតដៃដុតជើង រៀបចំឈុតបុរាណខ្មែរ រក្សាទុកវិញ ខណៈឈុត និងគ្រឿងតុបតែងសម្រាប់សិល្បករ សិល្បការិនី មានរហូតដល់រាប់រយពាន់ឯណោះ ដែលតម្រូវឲ្យក្រុមការងារ ចំណាយពេលរៀបចំទុកដាក់រួចរាល់ ដែលត្រូវបានដឹងថា រហូតដល់ ៨ ម៉ោង ឯណោះ។
នេះបើតាមគណនីហ្វេសប៊ុកសិល្បការិនីឈ្មោះ Vuth Chanmoly បានបង្ហោះឲ្យឃើញ និងភ្ជាប់សំណេរយ៉ាងដូច្នេះថា «ក្រោយពីការងារសំរេចបានជោគជ័យ ត្រូវបោកបត់ចូលទីតាំងវិញ ភាពជោគជ័យត្រូវការកំលាំងសហការ អ្នកគ្រូ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








